ភ្នំពេញ៖. ខេត្តហ៊្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិតចិននិងរាជធានីភ្នំពេញ ជាខេត្តមួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជ កម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀនបានវិនិយោគទុនច្រើនហើយនៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វាង ឈុន (Huang Chun) ) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិ ភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន និងត្រៀមបង្កើតឱ្យមានស្នាក់ការពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ជំនួបនេះបានប្រព្រឹត្ដទៅនារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ជារាជធានីមួយ ត្រូវបានពង្រីកជាច្រើនដងរាជធានីភ្នំពេញ មានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនិងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយកម្ពុជាបានកំពុងជីកព្រែកហ្វូណន់តេជោ ដែលទំនិញទាំងនោះយើងនឹងត្រូវដឹកបញ្ជូនតាមផ្លូវទឹកនេះនាពេលខាងមុខ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុលើការវិនិយោគ ទៅលើរោង ចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជា ពលរដ្ឋដែលមានអាយុ៣៥ ឆ្នាំចុះ មានប្រមាណជា៦០% ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់បំរើលើវិស័យនេះ។
ដូច្នេះខ្ញុំសូមស្នើរឱ្យខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនបន្ថែមទៀត។ សំរាប់រាជធានីភ្នំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិសម្រេចក្នុងការវិនិយោគនេះ។
លោក ហ្វាង ឈុន (Huang Chun) ) បានបញ្ជាក់ថា៖ ខេត្តហ្វ៊ូជៀន គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន៤២លាននាក់។ សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤មានទំហំទឹកប្រាក់ប្រមាណ៥៧០០ប៊ីលានយន់ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល៤.៨ម៉ឺនយន់ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។
លោក ហ្វាង ឈុន បានបន្តថា៖ ក្នុងរយៈពេល៨ខែនេះ ខេត្តហ្វ៊ូជៀនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ្វ៊ូជៀនគឺជាខេត្តមួយដែលឯកឧត្តមប្រធានាធិបតីចិនលោកស៊ី ជិងពីងធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ្វ៊ូជៀន ក៏ជាខេត្តដែលផលិតនិងនាំរថយន្តអគ្គិសនីចេញ ទៅលក់នៅក្រៅប្រទេសច្រើនផងដែរ។
លោក ហ្វាង ឈុន បានមានប្រសាសន៍ថា៖ ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះ លោកនិងជំរុញឱ្យអ្នកវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងគៀងគរអ្នក វិនិយោគទុននៅខេត្តហ្វ៊ូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។ជនជាតិចិននៅទីក្រុងហ្វ៊ូជៀនបានមករកស៊ីនៅកម្ពុជា មាន ប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងជាង១០០ក្រុមហ៊ុន។ ដើម្បីជំរុញឱ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញនិងខេត្តហ្វ៊ូជៀនបានឯកភាពគ្នា ក្នុងបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕. ដោយ ៖ សំរិត










