ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ថា៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមពិធីបើកសម្ពោធគម្រោងលើកដំបូងស្តីពីការស្រាវជ្រាវរួមគ្នាអន្តររដ្ឋាភិបាលរវាងចិន-កម្ពុជា។
លោក វ៉ាង វិនពីន បានបញ្ជាក់ថា គម្រោងទាំងនេះគ្របដណ្តប់លើវិស័យចំនួនបួនគឺ វិទ្យាសាស្ត្រចំណីអាហារ ជីវបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ។
នេះជាវិធានការដ៏សំខាន់ក្នុងការអនុវត្តសមិទ្ធផលផ្លែផ្កាអំឡុងពេលប្រធានាធិបតីXi Jinping បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញយ៉ាងច្បាស់អំពីសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូតចិន បានជឿជាក់ថា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ នឹងបន្តឈានដល់កម្រិតថ្មីមួយទៀត៕
ដោយ៖តារា










