ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ (CTExpo) ក្រោមមួលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ក្នុងគោលបំណងជំរុញលើកកម្ពស់និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា ពិសេសការបង្កើតឱកាសក្នុងការផ្គូរផ្គង រវាងធុរជនក្នុងស្រុក និងអន្តរជាតិ និងផ្សព្វផ្សាយពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងបណ្តាប្រទេសក្នុងតំបន់ និងដៃគូពាណិជ្ជកម្មយ៉ាងច្រើនកុះករ។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើឡើដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ លោកស្រី បានឱ្យដឹងទៀតថា ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិផងដែរ។
នៅក្នុងពិធីបើកព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន រួមទាំងទស្សនៈនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ គួរចូលរួមអនុវត្តន៍ ដូចជាការបន្តអនុវត្តអភិក្រម ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាសម្រេចបាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកជាដើម។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយមានការដាក់តាំងបង្ហាញផលិតផលជាច្រើន រួមមាន ផលិតផលសម្រាប់នាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម ទន្ទឹមនេះក៏នឹងបង្ហាញពីឱកាសសម្រាប់ផលិតផលនាំចូលដែលគាំទ្រ និងជម្រុញដល់ការអភវិឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា។ តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជាក្នុងព្រឹត្តការណ៍នេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ៕
ដោយ៖តារា










