ភ្នំពេញ៖ ក្រសួងទេសចរណ៍ មានកិត្តិយស សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងទេសចរណ៍ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្រោមប្រធានបទ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល រយៈពេល បី (០៣) ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
វេទិកានេះនឹងរៀបចំឡើងដោយរួមបញ្ចូលគ្នា នូវព្រឹត្តិការណ៍សំខាន់ៗ ចំនួន៣ រួមមាន ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្ម ឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗជាពិសេសបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញអំពីសមិទ្ធផល ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event)។ មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ ក៏បានរៀបចំស្តង់ពិព័រណ៍ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ឌីជីថលរបស់ក្រសួងផងដែរ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមក្នុងវេទិកាខាងលើនេះឱ្យបានច្រើនកុះករ ដើម្បីទទួលបាននូវចំណេះដឹង បទពិសោធ និងឱកាសសាកល្បង ប្រើប្រាស់ជាក់ស្តែងនូវឧបករណ៍បច្ចេកវិទ្យាថ្មីៗ ដោយធ្វើការចុះឈ្មោះតាមរយៈការស្កេន QR Code ខាងក្រោម។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងទេសចរណ៍ជ្រាបជាព័ត៌មាន៕ដោយ៖តារា










