ភ្នំពេញ៖ មន្ត្រីអភិរក្សស៊ីក្លូមានក្តីបារម្ភពីការបាត់បង់ស៊ីក្លូនាពេលខាងមុខដោយសារក្រុមអ្នកធាក់ស៊ីក្លូមានវ័យចំណាស់គ្មានអ្នកបន្តវេន ពុំមានការផលិតស៊ីក្លូថ្មីមានបច្ចេកវិទ្យាទំនើប ប្រើដោយកម្លាំងម៉ាស៊ីននិងអតិថិជនមិនមានការគាំទ្រទៀតនោះ។
លោក អឹុម សម្បត្តិ ប្រធានសមាគម អភិរក្សស៊ីក្លូនិងមុខរបរក្រៅប្រពន្ធ័បានឱ្យដឹងថា នៅឆ្នាំ១៩៩៩មានស៊ីក្លូប្រមាណជិត១៥០០គ្រឿងនៅរាជធានីភ្នំពេញ ប៉ុន្តែបច្ចុ ប្បន្ននៅសល់តែស៊ីក្លូចំនួន៤៤៧គ្រឿង ប៉ុណ្ណោះ ។ លោកបន្តថា ការថយចុះចំនួនអ្នកធាក់សីុក្លូនោះដោយសារគ្មានអ្នកផលិតស៊ីក្លូថ្មីមានត្រឹមតែអ្នកជួសជុលនិងមានយានជំនិះប្រើដោយម៉ាស៊ីនទំនើបច្រើន ស៊ីក្លូផ្ទុកមនុស្សបានតិចស៊ីក្លូយឺត ជាពិសេសពេលមានស្ទះចរាចរណ៍ម្តងៗគ្មានសុវត្ថិភាព។ ម្យ៉ាងទៀតអ្នកធាក់ស៊ីក្លូភាគច្រើនជា មនុស្សចាស់ខ្លះឈឺនិងឈប់សម្រាកពុំមានក្មេងៗស្នង មកដោយប្រកបមុខរបរនេះព្រមទាំងអតិថិជនកាន់តែបោះបង់ឬមិននិយមជិះស៊ីក្លូទៀតនោះធ្វើឱ្យចំនួនស៊ីក្លូកាន់តែថយចុះទៅៗគួរឱ្យព្រួយបារម្ភ ។
លោក អឹុម សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីឆ្នាំ២០១២ដែលបង្ហាញនូវក្តីព្រួយបារម្ភអំពីការបាត់បង់ស៊ីក្លូទៅថ្ងៃអនាគតនោះសមាគមរបស់លោកបាន ចងក្រងប្រមូលផ្តុំនិងអភិរក្សស៊ីក្លូកុំឱ្យមានការបាត់បង់គឺសមាគមតែងបានប្រមូល ទិញស៊ីក្លូដើម្បីឱ្យអ្នកមានចំណូលចិត្តជា បន្តបន្ទាប់ព្រមទាំងមានការជួបប្រជុំជាមួយក្រុមអ្នកធាក់ស៊ីក្លូក្នុងរយៈពេល៣ខែម្តងdដែលគោលបំណងសំខាន់គឺដើម្បីឱ្យពួកគាត់បានយល់ដឹងពីច្បាប់ចរាចរណ៍និង សីលធម៌នៃការទំនាក់ទំនងភ្ញៀវជាដើម ។
សូមបញ្ជាក់ថា ស៊ីក្លូបានកើតមាននៅ កម្ពុជាកាលពីអំឡុងពាក់កណ្តាលឆ្នាំ១៨៨០ ទៅ១៩០០និយាយរួមក្នុងពេលបារាំងមកធ្វើអាណានិគម ហើយអ្នកធាក់ស៊ីក្លូគឺជា អ្នកដែលប្រកបមុខរបរមួយប្រើដោយកម្លាំងបាយសុទ្ធសាទភាគច្រើនជាអ្នកទីទ័លក្រនិងគ្មានជម្រើសដើម្បីខំរកប្រាក់បន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារជាប្រចាំថ្ងៃ ប៉ុន្តែនៅក្នុងសម័យទំនើបនេះចំនួនអ្នកធាក់ស៊ីក្លូមានការថយចុះជាខ្លាំងដែលស្ទើរតែបាត់រូបរាងទៅហើយ ដោយសារមធ្យោបាយយានយន្តកាន់តែទំនើបទៅៗហើយណាមួយអតិថិជនបានបោះបង់ការគាំទ្រជាបន្តបន្ទាប់ ។
ជាក់ស្តែងចំនួនអ្នកធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញមានការធ្លាក់ចុះជាខ្លាំងបើប្រៀបធៀបទៅនឹងជិត១០ឆ្នាំមុន គឺពីមុនមានស៊ីក្លូជិត១៥០០គ្រឿងតែពេលនេះចំនួនស៊ីក្លូដែលធ្វើចរាចរណ៍រាល់ថ្ងៃនៅសល់តែ៤៤៧គ្រឿងប៉ុណ្ណោះដែលសមាគមអភិរក្សស៊ីក្លូបាននិងកំពុងធ្វើការអភិរក្សនិងការពារ បន្ទាប់ពីមានការលើកឡើងរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែនកាល ពីឆ្នាំ២០១២កន្លងមកនោះ ៕
ដោយ៖ សហការី