វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ស្នើអ.ស.ប កោះប្រជុំជាបន្ទាន់ស្តីពីការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងត្បូង អាមេរិក និងជប៉ុនបានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបណ្តាប្រទេសជាសមាជិក អ.ស.ប ជាបន្ទាន់ស្តីពីការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥របស់កូរ៉េខាងជើង។

សារព័ត៌មានយ៉នហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា រដ្ឋាភិបាលទីក្រុងសេ អូលនៅថ្ងៃទី៩ ខែកញ្ញា បានផ្សាយថា អ.ស.ប កោះឲ្យរៀបចំកិច្ចប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសនៅបុរីញូវយ៉កនាថ្ងៃទី៩ ខែកញ្ញានេះដែរ។

កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥ដោយជោគជ័យ។ ក្រុមអ្នកសើុបអង្កេត បញ្ជាក់ថា ហេតុការណ៍នេះនឹងធ្វើឲ្យមានការដាក់ទណ្ឌកម្មថ្មីទៀតពី អ.ស.ប ទៅ លើកូរ៉េខាងជើង។

ក្នុងពេលជាមួយគ្នានោះនៅក្នុងសន្និសីទ កាសែតនៅទីក្រុងតូក្យូរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Tomomi Inada បានបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់ បរមាណូជាមួយការវិវឌ្ឍនៃកាំជ្រួចមីស៊ីល និងគំរាមកំហែងដល់តំបន់ទាំងមូល។ រដ្ឋា ភិបាលជប៉ុននឹងបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ទៅលើកូរ៉េខាងជើងមិនមែនជារឿងចម្លែកនោះឡើយ ហើយកូរ៉េខាងជើងសមនឹងការ ដាក់ទណ្ឌកម្មនោះទៅហើយ។ រាល់ពេលអន្តរជាតិដាក់ទណ្ឌកម្មកូរ៉េខាងជើងបាន បង្កើនសកម្មភាពអាវុធរបស់ខ្លួនដែលជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម។

ការសាកល្បងខាងលើកើតឡើងក្រោយការបាញ់មីស៊ីល៣គ្រាប់ទៅកាន់តំបន់សមុទ្រ ភាគខាងកើតប្រទេសនេះកាលពីថ្ងៃទី៥ ខែ កញ្ញា ចំពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចកំពុងតែប្រជុំនៅខេត្តហានចូវក្នុងប្រទេសចិន។

សារព័ត៌មាន AFP បានផ្សាយថា តាមការប្រកាសរបស់ទីបញ្ជាការកងទ័ពកូរ៉េ ខាងត្បូងកាំជ្រួចមីស៊ីលបានបាញ់ចេញពី តំបន់ Hwangju ស្ថិតនៅខេត្ត Hwanghae កូរ៉េខាងជើងនៅវេលាម៉ោង១២និង១៤នាទី ម៉ោងក្នុងតំបន់។ ការបាញ់ខាងលើក្រោយពេលមេដឹកនាំកូរ៉េខាងត្បូងលោកស្រីផាកគឿនហេ បានជួបពិភាក្សាជាមួយបណ្តាមេដឹកនាំនៃបណ្តាប្រទេសជាសមាជិក G 20 ។ ការបាញ់មីស៊ីលនោះត្រូវបានគេចាត់ទុកថា ជាសារផ្ញើទៅកាន់សហគមន៍អន្តរជាតិ ឲ្យដឹងថា កូរ៉េខាងជើងមិនដែលខ្លាចប្រទេស ណាមួយនោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋកូរ៉ែខាងជើង ជាង១សែននាក់បានអបអរសាទរដល់ការបាញ់មីស៊ីលប្រកបដោយជោគជ័យខាងលើផងដែរ។

អ្នកឯកទេសអាមេរិកបានបញ្ជាក់ថា កូរ៉េ ខាងជើងបានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល និងបរមាណូ ក្នុងនោះមានការសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកប្រកបដោយជោគជ័យ។

អ្នកឯកទេសមកពីមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ Middlebery មានទីតាំង នៅកាលីហ្វ័រនីញ៉ា លោក Jeffrey Levis បញ្ជាក់ថា កូរ៉េខាងជើងបានបង្កើនល្បឿនស្រាវជ្រាវផលិតកាំជ្រួចមីស៊ីលដ៏ទំនើប ដូចជាមីស៊ីលដែលបាញ់ចេញពីនាវាមុជ ទឹកជាដើម។ ការចំណាយប្រាក់និងពេលវេលារបស់កូរ៉េខាងជើងទៅលើកម្មវិធីអាវុធ គឺមិនឥតប្រយោជន៍នោះឡើយ។

ក្រុមអ្នកឯទេសបានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូរបស់កូរ៉េខាងជើងនោះគឺមីស៊ីលប្រភេទ Rodong ដែលធ្លាប់បានទទួលជោគជ័យនៅក្នុងការសាកល្បងបំពាក់ក្បាលគ្រាប់ ទម្ងន់មួយតោនបាញ់បានចម្ងាយ២ពាន់ គីឡូម៉ែត្រ។

កន្លងមកកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក SLBM ហើយការសាកល្បងនោះតែងតែទទួលបាន ជោគជ័យដោយមីស៊ីលហោះបាន៥០០ គីឡូម៉ែត្រទើបធ្លាក់នៅដែនសមុទ្រជប៉ុន។

មកទល់ពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តការដាក់ ទណ្ឌកម្មកូរ៉េខាងជើង៥លើកមកហើយ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលនិងបរមាណូ ក្នុងនោះមានសេចក្តីសម្រេចលេខ១៧១៨ ឆ្នាំ២០០៦, លេខ១៨៧៤ឆ្នាំ២០០៩, លេខ ២០៨៧ឆ្នាំ២០១៣, លេខ២០៩៤ ឆ្នាំ ២០១៣ និងសេចក្តីសម្រេចលេខ២២៧០នៅឆ្នាំ២០១៦នេះ។ សេចក្តីសម្រេចចុងក្រោយគឺអង្គការសហប្រជាជាតិបានអនុម័ត កាលពីខែមីនា ក្រោយពេលដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូ។

ការដាក់ទណ្ឌកម្មចុងក្រោយមានទាំងការហាមនាំចេញ និងបង្កកទ្រព្យសម្បត្តិ របស់កូរ៉េខាងជើងដែលនៅក្រៅប្រទេស ផងដែរ។

ការសាកល្បងមីស៊ីកន្លងមកទទួលបាន ជោគជ័យ ហើយការសាកល្បងគ្រាប់បែកបរមាណូនាពេលនេះក៏ទទួលបានជោគ ជ័យទៀត គឺជារឿងដ៏អស្ចារ្យមួយសម្រាប់ក្រុមអ្នកវិទ្យាសស្ត្រអាវុធកូរ៉េខាងជើងមានការរីកចម្រើនខ្លាំងលើសពីការស្មានទៅទៀត។

អ្វីដែលជាក្តីបារម្ភនាពេលនេះក្រោយការបង្រួមក្បាលគ្រាប់បរមាណូបំពាក់លើកាំជ្រួចមីស៊ីលធ្វើឲ្យកូរ៉េខាងជើងកាន់តែការពារខ្លួនបានយ៉ាងល្អគេចផុតពីការគំរាម កំហែងរបស់សត្រូវក្នុងនោះមានអាមេរិក និងកូរ៉េខាងត្បូង។ អ្វីដែលជាការបារម្ភនាពេលនេះគឺកូរ៉េខាងជើងអាចលក់អាវុធបរមាណូទាំងនោះទៅឲ្យក្រុមភេរវកម្មដើម្បី វាយប្រហារទៅលើគោលដៅនានាជុំវិញ ពិភពលោក។

កូរ៉េខាងជើងធ្លាប់បានប្រកាសថា នឹងលក់អាវុធគ្រប់ប្រភេទរួមទាំងបរមាណូទៅឲ្យក្រុមណាក៏ដោយឲ្យតែមានប្រាក់ប្រគល់ ដលដៃនឹងលក់ឲ្យទាំងអស់។ ទាំងនោះហើយកាន់តែធ្វើឲ្យមានការបារម្ភខ្លាំងឡើយ ក្រោយពីកូរ៉េខាងជើងបានបង្រួមបរមាណូឲ្យតូចសម្រាប់បំពាក់លើមីស៊ីលសម្រាប់ វាយប្រហារគោលដៅ។

សារព័ត៌មាន Daily Star បានផ្សាយថា កូរ៉េខាងជើងពេលនេះមានគ្រាប់បែកបរ មាណូ ហើយនឹងលក់ឲ្យអ្នកណាដែលត្រូវ ការក្នុងនោះមានទាំងក្រុមភេរវកម្មISផង ដែរ ប្រសិនបើក្រុមនោះមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញអាវុធពីកូរ៉េខាងជើង។

ក្រុមអ្នកឯកទេសវិភាគស្តីពីតំបន់មជ្ឈិម បូព៌ាលោក Kyle Orton បានឲ្យដឹងថា កូរ៉េខាងជើងធ្លាប់បានព្យាយាមលក់អាវុធបរមាណូឲ្យអតីតមេដឹកអីុរ៉ាក់លោក សាដាម ហូសេន កាលពីនៅកាន់អំណាច។ នៅពេល នោះលោក សាដាម ហូសេន ទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីលពីកូរ៉េខាងជើង និងបច្ចេកវិទ្យាបមរាណូ។

អ្នកឯកទេស Kyle Orton បញ្ជាក់ថា ចាប់តាំងពីពេលនោះមកកូរ៉េខាងជើងមានទំនាក់ទំនងជិតស្និទ្ធជាមួយអីុរ៉ង់ស្តីអំពីកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីល។ លោកបន្ត ទៀតថា «រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងលក់អ្វីគ្រប់យ៉ាងឲ្យតែមានប្រាក់ផ្ទាល់ដៃ មិនថា អតិថិជនមកពីណានោះឡើយ។ អ្នកឯកទេសខាងលើបានបញ្ជាក់ទៀតថា កាំជ្រួចមីស៊ីលកូរ៉េខាងជើងមានតម្លៃថ្លៃ ដូច្នេះក្រុមភេរវកម្មមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញនោះឡើយ ៕

111 www-2

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print