ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅ នឹងស្នើសុំធ្វើផ្លូវ និងប្រព័ន្ធលូមេ និងជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ខណៈ បញ្ហាសំរាម សន្ដិសុខសុវត្ថិភាពសាធារណៈ ធ្វើបានល្អប្រសើរហើយ ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ក្នុងខណ្ឌព្រែកព្នៅនេះ បានធ្វើឡើងក្រោម អធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
នៅក្នុងវេទិកានេះដែរក៏មានប្រជាពលរដ្ឋ បានស្នើសុំ ស្ថាបនាផ្លូវ ដាក់ប្រពន្ធលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី នៅសង្កាត់ពញាពន់ ពន្សាំង កប់ស្រូវ និងសង្កាត់សំរោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនេះ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញបាន ជំរុញឱ្យមន្ត្រីជំនាញចុះដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ឆាយ វីរៈ បានណែនាំឱ្យអភិបាលខណ្ឌព្រែកព្នៅនិងមន្ត្រីសុរិយោដីត្រូវរិះរកមធ្យោបាយដោះស្រាយបញ្ហាផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានលឿន នៅក្នុងខណ្ឌ ហើយ បង្ខិតសេវាឱ្យកាន់តែកៀក កាត់បន្ថយភាពស្មុគស្មាញ ដើម្បីអោយប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិនេះ និងមិនលើកបញ្ហានេះនៅវេទិកាលើកក្រោយទៀតឡើយ ។ខណៈ ការវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពល រដ្ឋនៅក្នុងខណ្ឌព្រែកព្នៅនេះ បានរួចរាល់ព្រមទាំងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានមួយភាគធំរួចហើយដែរ។
ជាមួយគ្នានេះចំពោះសំណើរ និងសំណូមពររបស់ប្រជាពល រដ្ឋពាក់ព័ន្ធនឹងការធ្វើផ្លូវ ធ្វើលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី តំណាងមន្ទីរសាធារណនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាង ពីការត្រៀមបញ្ជូនមន្ត្រីជំនាញចុះទៅសិក្សាលំអិតនៅសប្តាហ៍ក្រោយនេះ រួមទាំងការធ្វើរបាយការណ៍បញ្ជូនទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។
សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅក្នុងខណ្ឌព្រែកព្នៅ គឺមានប្រជាពលរដ្ឋបានលើកជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន៧ នាក់ស្មើនឹង ១៤ បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន៣៩ សំណើ៕










