ខេត្តកណ្ដាល÷ ថ្ងៃទី០៤ខែធ្នូឆ្នាំ ២០២៥ នេះមន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ក្រុមក្មេងទំនើង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះល្បាតឃាត់ ខ្លួនយកមកអប់រំ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូដើរលេងនៅពេលយប់អធ្រាត្រហើយបែកកង់បណ្តើរតាមផ្លូវជាតិ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ធ្នូ ២០២៥ វេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិ- ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ខាងលើរួមមានទី១ ឈ្មោះ ចែម វណ្ឌី ភេទ ប្រុស អាយុ ១៧ ឆ្នាំមុខរបរសិស្ស,ទី២ ឈ្មោះ ហាំង ពិសិដ្ឋ ភេទ ប្រុស អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដ, ទី៣ ឈ្មោះ ហាំង ពិសាល ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៤ ឈ្មោះ ហេន សុផាន់ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ។ ពួកគេទាំង៤នាក់មានទីលំនៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ និងមិនមានសារធាតុញៀននៅ ក្នុងទឹកនោមនោះទេ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូ ១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ដែលមិនមានពាក់ផ្លាកលេខ។
សមត្ថកិច្ចបន្តថា ដើមហេតុនៃករណីនេះ គឺកើតឡើង កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង៦និង៣០នាទី ល្ងាច ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកពោធិ៍ បានយកវីដេអូចាស់ដែលបង្ហាញសកម្មភាពក្មេងទំនើងឈ្មោះ ចែម វណ្ឌី បង្ហោះម៉ូតូទៅបង្ហាញដល់ម្តាយរបស់គេ ដើម្បីឱ្យណែនាំអប់រំកុំឲ្យធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ក្រោយពេលសមត្ថកិច្ចត្រឡប់ ទៅវិញ ម្តាយបានស្តីបន្ទោសកូនយ៉ាងខ្លាំង ធ្វើឲ្យឈ្មោះ វណ្ឌី ខឹងក៏បានដើរចេញពីផ្ទះតែម្នាក់ឯងនៅវេលាម៉ោង ៨ យប់ ហើយបានទូរស័ព្ទហៅមិត្តភក្តិឈ្មោះ យ៉ា ឲ្យជួយដឹកខ្លួន និងឈ្មោះ ហេន សុផាន់ ទៅរង្វង់មូលខេត្ត តាកែវ។
ប្រភពដដែលបានឲ្យដឹងទៀតថា ពេលទៅដល់គោល ដៅ ឈ្មោះ វណ្ឌី បានឆាតហៅឈ្មោះ ហាំង ពិសិដ្ឋ ឲ្យមកទទួល។ ពេលនោះឈ្មោះ ហាំង ពិសិដ្ឋ បានប្រាប់ម្តាយរបស់ វណ្ឌី ថាគេហៅឲ្យទៅទទួល ហើយម្តាយក៏យល់ព្រមព្រមទាំងឲ្យម៉ូតូ ១គ្រឿងម៉ាក Dream ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ជិះទៅទទួលទៀតផង។ បន្ទាប់មកឈ្មោះ ហាំង ពិសិដ្ឋ និងឈ្មោះ ហាំង ពិសាល បានជិះម៉ូតូទៅទទួលឈ្មោះ វណ្ឌី និងឈ្មោះ ហេន សុផាន់ នៅចំណុចគីឡូម៉ែត្រលេខ៦០។ ពួកគេមិនបានត្រឡប់ទៅផ្ទះវិញទេ គឺបានបន្តដំណើរជូនគ្នាទៅលេងដល់ម្តុំផ្សារ ដើមគរ រាជធានីភ្នំពេញ។
លុះដល់វេលាម៉ោងកើតហេតុខាងលើ ពួកគេបានជិះម៉ូតូត្រឡប់មកវិញ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិស ដៅពីត្បូងទៅជើង ក៏ស្រាប់តែបែកកង់ម៉ូតូនៅជិតស្ពានអាកាសផ្លូវជាតិលេខ២។ ពួកគេបាននាំគ្នាបណ្តើរម៉ូតូត្រឡប់ក្រោយដើម្បីរកកន្លែងប៉ះកង់ តែឈ្មោះ ចែម វណ្ឌី មិនព្រមទៅជាមួយទេ ដោយនៅអង្គុយចុចទូរស័ព្ទក្រោមស្ពាន។ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប និងប្រជាការពារដែលកំពុងល្បាតដល់ចំណុចគីឡូម៉ែត្រលេខ២៦-២៧ បានប្រទះឃើញក៏ធ្វើការឃាត់ខ្លួនសាកសួរ និងបញ្ជូនមកអធិការដ្ឋានតែម្តង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនោះត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសុំគោលការណ៍អប់រំរយៈពេល ៤៨ម៉ោង៕










