ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងនៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ រវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ! ម្តាយបង្កើតថែរក្សាបីបមថ្មមថ្នាក់កូនស្ងួនមិនឱ្យនរណាមកប៉ះពាល់ឡើយ ហើយក៏មិនហ៊ានធ្វើបាបកូនឡើយ តែម្តាយក្លែងក្លាយគេមិនខ្លាចនឹងធ្វើបាបកូនដែលគេដណ្តើមយកនោះឡើយព្រោះមកពីកូននោះមិនមែនកូនគេពិតប្រាកដ គេមិនខ្លាចធ្វើឱ្យកូននោះឈឺឡើយ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងបន្តថា ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕ដោយ៖តារា










