សហរដ្ឋអាម៉េរិច ៖ «សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានការបន្តប្រយុទ្ធគ្នា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យមានការស្លាប់ និងរបួស ជាច្រើននាក់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ឯកឧត្តម Marko Rubio នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ផងដែរថា៖ «យើងជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយឯកឧត្តមប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim»។
សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ។










