ភ្នំពេញ ៖ ប្រជាជនកម្ពុជាសុំទាត់ចោលការអះអាងរបស់ថៃ និងថ្កោលទោសការឈ្លានពានដែលបង្កឱ្យមានវិបត្តិយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែន កម្ពូជា ថៃ ។ ប្រជាជនកម្ពុជានិង រាជរដ្ឋាភិបាល បានសម្តែងការខកចិត្តថ្កោលទោស និងទាត់ចោលទាំងស្រុងនូវការអះអាងរបស់ភាគីថៃ ដែលព្យាយាមបកស្រាយថា ប្រតិបត្តិការយោធារបស់ខ្លួនក្នុងរយៈពេល ១២ ថ្ងៃកន្លងមកនេះ គឺជា “សង្រ្គាមប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម (Scam Army)”។ កម្ពុជាបានចាត់ទុកការលើកឡើងនេះថា ជាលេសដើម្បីបិទបាំងអំពើឈ្លានពាន និងការបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិរបស់កម្ពុជា ដែល បង្កជាវិបត្តិឲ្យប្រជាជនប្រមានជិតកន្លះលាននាក់បាត់បង់ជម្រក ។
យោងតាមរបាយការណ៍ពីសមរភូមិមុខ ការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំរបស់ថៃទៅលើខេត្តជាប់ព្រំដែនទាំង ៧ របស់កម្ពុជា បានបង្កឱ្យមានមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ។
ជនភៀសសឹក៖ប្រជាពលរដ្ឋប្រមាណ ៤៧ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីភូមិដ្ឋាន។វិស័យអប់រំត្រូវគាំងសាលារៀនគ្រប់កម្រិតត្រូវបានបិទទ្វារ ធ្វើឱ្យសិស្សានុសិស្សជិត ២០ ម៉ឺននាក់ បាត់បង់ឱកាសសិក្សា។
ការខូចខាត៖ ហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមានផ្លូវថ្នល់ និងស្ពានដែលកសាងឡើងដើម្បីកាត់បន្ថយភាពក្រីក្រ ត្រូវបានបំផ្លាញខ្ទេចខ្ទីនិងការបំផ្លាញបេតិកភណ្ឌពិភពលោក និងវប្បធម៌មនុស្សជាតិ
អ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះ គឺការប្រើប្រាស់អាវុធយុទ្ធភណ្ឌធុនធ្ងន់វាយប្រហារចំតំបន់ប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទង្វើនេះត្រូវបានគេមើលឃើញថា ជាការរំលោភលើអនុសញ្ញាទីក្រុងឡាអេ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ។លេស “Scam Army” និងរបៀបវារៈពិតប្រាកដ
ខណៈដែលថៃព្យាយាមបញ្ចុះបញ្ចូលអន្តរជាតិថា ខ្លួនកំពុងដើរតួជា “តួអង្គសន្តិសុខ” ដើម្បីរំដោះពិភពលោកពីឧក្រិដ្ឋកម្មឆ្លងដែន ប៉ុន្តែផ្ទុយទៅវិញ សម្តីរបស់អ្នកដឹកនាំថៃដែលចង់ “ធ្វើឱ្យកម្ពុជាចុះខ្សោយខាងវិស័យការពារជាតិ ដើម្បីសេចក្តីសុខកូនចៅថៃ ២ ជំនាន់” បានលាតត្រដាងនូវមហិច្ឆតាពិតប្រាកដ។ នេះមិនមែនជាការបង្ក្រាបក្រុមបោកប្រាស់តាមអ៊ីនធឺណិតនោះទេ ប៉ុន្តែគឺជាយុទ្ធនាការយោធាដើម្បីកាត់បន្ថយឥទ្ធិពល និងអំណាចការពារជាតិរបស់ប្រទេសជិតខាង។
ការអំពាវនាវរកអន្តរាគមន៍អន្តរជាតិ
កម្ពុជាបានសំណូមពរឱ្យសហគមន៍អន្តរជាតិ ឈប់ជឿលើការឃោសនាភូតភររបស់ភាគីថៃ ហើយងាកមកពិនិត្យមើលភស្តុតាងជាក់ស្តែងនៅលើដី៖
ដាក់ទណ្ឌកម្មលើប្រទេសថៃ ចំពោះការរំលោភច្បាប់សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។
ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនភៀសសឹកកម្ពុជាកន្លះលាននាក់។
ជំរុញឱ្យមានដំណោះស្រាយសន្តិភាព ដើម្បីបញ្ឈប់ការបង្ហូរឈាម និងការបំផ្លាញទ្រព្យសម្បត្តិវប្បធម៌ជាតិ។
មជ្ឈដ្ឋានទូទៅបានលើកឡើងថា ប្រសិនបើពិភពលោកមិនមានវិធានការទប់ស្កាត់ទេនោះ គំរូនៃការប្រើប្រាស់លេស “សន្តិសុខតាមអ៊ីនធឺណិត” ដើម្បីឈ្លានពានប្រទេសដទៃ នឹងក្លាយជាគ្រោះថ្នាក់ដ៏ធំសម្រាប់សណ្តាប់ធ្នាប់ពិភពលោកទាំងមូល៕
ដោយ ៖ សិលា










