ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា លោក Igor Driesmans បានរំពឹងថានឹងផ្តល់ជំនួយថែមទៀត សម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបានផ្តល់ជំនួយ ៧០ម៉ឺនអឺរ៉ូ រួចហើយ កាលពីជម្លោះកម្ពុជា-ថៃ ចំនួន ៥ថ្ងៃ បានបញ្ចប់។
លោកឯកអគ្គរដ្ឋទូតអឺរ៉ុបរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជាកំពុងស្វែងរកជំនួយមនុស្សធម៌បន្ថែម នៅពេលដែលជម្លោះនេះនៅតែបន្ត និងការផ្លាស់ទីលំនៅ ដែលបណ្តាលមកពីជម្លោះនេះ នៅតែមាន»។
សហភាពអឺរ៉ុប បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០ម៉ឺនអឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីគាំទ្រដល់ជំនួយមនុស្សធម៌ជាបន្ទាន់មួយជូនចំពោះជនភៀសសឹកដែលទទួលរងផលប៉ពាល់ ដោយសារជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជំនួយមនុស្សធម៌នេះ បាននិងកំពុងប្រើប្រាស់ដើម្បីជួយគាំទ្រសហគមន៍នានា ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះដែលបានបណ្តាលឱ្យមានការជម្លៀសខ្លួន និងផ្លាស់ទីលំនៅ។ អាទិភាពបន្ទាន់នៃជំនួយរបស់សហភាពអឺរ៉ុប បានផ្ដោតលើការឧត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសម្រាប់រយៈពេល ៦ខែ។
សូមបញ្ជាក់ថា យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ។
ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិតេយ្យនិងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅទៀត ដូចជា ប្រាសាទបុរាណ ស្ពានបុរាណ មន្ទីរពេទ្យ វត្តអារាម ផ្ទះសម្បែង ក្បែរជំរំភៀសសឹក និងសាលារៀនជាដើម។ ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បីបង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោកបានដឹងយ៉ាងច្បាស់ថាថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា បង្កើតសង្គ្រាមឈ្លានពានដើម្បីបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រៀលជ្រៅរបស់ខ្លួន។
សូមជម្រាបជូនដែរថា សកម្មភាពយោធារបស់ថៃមកលើកម្ពុជា មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋខ្លួននិងបរទេសទេ គឺជាការឈ្លានពានលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិនិងប្រជាជនកម្ពុជា៕ដោយ៖តារា










