អាម៉េរិកអំពាវនាវជាថ្មីឱ្យកម្ពុជា-ថៃបញ្ចប់ការប្រយុទ្ធ និងគាំទ្រកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃនេះ

ចែករំលែក៖

អាម៉េរិក៖ សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២១ ធ្នូ បានបន្តអំពាវនាវដល់ប្រទេសកម្ពុជា និង ថៃឲ្យបញ្ចប់ការប្រយុទ្ធគ្នា ហើយស្វាគមន៍ចំពោះមេដឹកនាំអាស៊ាន ដែលមកជួបជុំគ្នានៅថ្ងៃនេះ នៅប្រទេសម៉ាឡេស៊ី។ការប្រកាសជាថ្មីរបស់អាម៉េរិក គឺធ្វើឡើងបន្ទាប់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា បានឈានចូលដល់សប្តាហ៍ទី៣។
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិក បានគូសបញ្ជាក់ថា អាម៉េរិក បន្តអំពាវនាវដល់ប្រទេសកម្ពុជា និង ថៃឲ្យបញ្ចប់អរិភាព, ដកអាវុធធុនធ្ងន់, បញ្ឈប់ការដំឡើងមីន និង អនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ដែលរួមមានយន្តការ ដើម្បីពន្លឿនការបោសសម្អាតមីនផ្នែកមនុស្សធម៌ និង ការដោះស្រាយបញ្ហាព្រំដែន។
ជាមួយគ្នានោះ សហរដ្ឋអាម៉េរិក សូមស្វាគមន៍ ចំពោះមេដឹកនាំអាស៊ាន ដែលបានមកជួបគ្នានៅសប្តាហ៍នេះ ដើម្បីគាំទ្រប្រទេសកម្ពុជា និងថៃ ក្នុងការគោរពពេញលេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះនេះ។
គួរបញ្ជាក់ថា ការប្រកាសរបស់អាម៉េរិកនេះ ធ្វើឡើងខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (SAMM) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២២ ធ្នូនេះ។ កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសដល់ប្រទេសជាសមាជិកអាស៊ាន ចូលរួមពិភាក្សា និង ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព ដោះស្រាយជម្លោះតាមរយៈការទូត និង ការសន្ទនា។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Tommy Pigott បានអំពាវនាវឱ្យភាគីទាំង២ អនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ក្នុងនោះរួមមានយន្ដការនានាដើម្បី ពន្លឿនការដោះមីនដោយមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែន។ «យើងស្វាគមន៍បណ្ដាមេដឹកនាំអាស៊ានជួបជុំគ្នាក្នុងសប្ដាហ៍នេះដើម្បីគាំទ្រដល់ថៃ និងកម្ពុជាឱ្យគោរពតាមយ៉ាងពេញលេញនូវ ការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបិទបញ្ចប់ជម្លោះ»៕

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print