ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅរសៀលថ្ងៃទី២២ខែធ្នូនេះថា ស្ត្រីជាម្តាយបង្កើតម្នាក់បានរងរបួសហើមជាំដៃយ៉ាងខ្លាំង ក្រោយពីត្រូវកូនប្រុសបង្កើតដែលញៀនថ្នាំនិងធ្លាប់ចូលមណ្ឌលកែប្រែ ២ លើកមកហើយនោះ ទាញដំបងឫស្សីវាយដោយសារតែខឹងឃាត់មិនឲ្យលួចខ្សែភ្លើងក្នុងផ្ទះយកទៅលក់។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២១ ធ្នូ ២០២៥ នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ពៅ នាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត ប្រាកដ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលបន្សាបគ្រឿង ញៀន «ឱកាសខ្ញុំ» ចំនួន ២លើករួចមកហើយ ប៉ុន្តែនៅតែមិនកែ)។ ចំណែកឯជនរងគ្រោះជាម្តាយបង្កើតមានឈ្មោះ ពៅ សុខលន អាយុ ៥១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (រងរបួសហែមកំភួនដៃខាងឆ្វេង)។
លោកអធិការស្រុក បានបន្តថា ជនសង្ស័យរូបនេះប្រើ ប្រាស់គ្រឿងញៀនជាប្រចាំ និងតែងតែរករឿងម្តាយជាញឹកញាប់។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពដោះឌុយខ្សែភ្លើងក្នុងផ្ទះ រួចសារខ្សែភ្លើងយកទៅលាក់ទុកមុខផ្ទះបំណងយកទៅលក់ ប៉ុន្តែត្រូវបានស្ត្រីជាម្តាយឃើញទាន់ក៏យកខ្សែភ្លើងនោះទៅទុកវិញ។ ពេលនោះ ជនសង្ស័យក៏ផ្ទុះកំហឹងស្រែកឡូឡាជេរប្រមាថម្តាយ និងឈានដល់យកដំបងឫស្សីវាយទៅលើម្តាយ ១ដំបង ចំកំភួនដៃខាងឆ្វេងបណ្តាលឲ្យហើមជាំ។ ដោយទ្រាំនឹងទង្វើកូនប្រុសលែងបាន ស្ត្រីរងគ្រោះក៏សម្រេចចិត្តទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនកូនប្រុសតែម្ដង។
លោកវរសេនីយ៍ឯក រស់ ចន្ថា បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងដំបងឫស្សី ១កំណាត់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










