ស្មារតីខ្មែរជួយខ្មែរ៖ អភិបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តស្វាយរៀង:នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយសហជនរួមជាតិ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និង លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តពោធិសិលារាម (ហៅវត្តគីឡូលេខ៨) ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងប្រមូលផ្ដុំបងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់ជួរមុខ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលក្រុងទាំងពីរ បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងកងទ័ព។ 

លោកបានសង្កត់ធ្ងន់ថា៖

“ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី ‘ខ្មែរតែមួយ រួមគ្នាជួយខ្មែរ’ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង។

តាមរបាយការណ៍បច្ចុប្បន្នភាព ប្រជាពលរដ្ឋដែលកំពុងជ្រកកោននៅមណ្ឌលសុវត្ថិភាពវត្តពោធិសិលារាម មានចំនួនសរុប ១,៣៨៨គ្រួសារ ស្រី២,៤៥៨នាក់ និងស្ត្រីមានផ្ទៃពោះ ៣៧នាក់ ដែលស្មើនឹងមនុស្សចំនួន ៤,៨៣៦នាក់។

ចំពោះសកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់កងទ័ពដែលកំពុងឈរជើងការពារព្រំដែន និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឱ្យដឹងថាពួកគេមិននៅឯកោឡើយ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print