ខេត្តតាកែវ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន។
នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវថៃឈ្លានពានកាលពីពេលថ្មីៗនេះ។
ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកស្រីបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងទឹកដីខេត្តតាកែវ។
លោកស្រីបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ៕ដោយ៖តារា










