ភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗក្រោយពេលជិះម៉ូតូឌុបគ្នាឆ្លងភ្លើងស្តុបនៅផ្លូវបំបែកជាបួនក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តឡង់គ្រីស័រមួយគ្រឿងដែលបើកឆ្លងភ្លើងស្តុបដូចគ្នាចំពីចំហៀងផ្នែកខាងឆ្វេងយ៉ាងពេញទំហឹង កាលពីវេលាម៉ោងប្រមាណជា ១២:១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុប២៤/h ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AZ-3689 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីកើតទៅលិចឆ្លងភ្លើងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញបុរសនិងស្ត្រី២នាក់ជាប្ដីប្រពន្ធបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខរតនគិរី1B-3004ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីត្បូងទៅជើងឆ្លងភ្លើងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តឡង់គ្រីស័រចំផ្នែកខាងក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តក្រពឹតនិងបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ ចំណែកភាគីខាងម៉ូតូប្តីប្រពន្ធ២នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាងមិនអាចសម្រួលគ្នាបានសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










