ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក FORD RANGER មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវខូចខាតអស់មួយកង់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ស្ថិតនៅលើផ្លូវជាតិលេខ៥ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក FORD RANGER ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ សៀមរាប 2D-7862 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណូចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវខូចខាតអស់មួយកង់ ចំណែករថយន្តដាច់កង់ម្ខាងទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










