ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះថា ស្ត្រីជាភរិយាដោយអស់ការស៊ូ ទ្រាំចំពោះសកម្មភាពជាច្រើនលើកច្រើនសារបស់ជនសង្ស័យជាប្តីប្រើអំពើហិង្សាដោយចេតនា វាយដំច្រំធាក់និងគំរាមថានឹងសម្លាប់ ទើបស្ត្រីរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិ កណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស៊្រឹម ស្រីលីន អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរអនឡាញ(ជាប្រពន្ធ)។ ចំណែកជនសង្ស័យឈ្មោះ ខា បញ្ញា អាយុ១៩ឆ្នាំ(ជាប្តី)គ្មានមុខរបរពិតប្រាកដទេ និងមានទីលំនៅជាមួយគ្នាក្នុងភូមិ-ឃុំកើតហេតុ។
សមត្ថកិច្ចបន្តថា មុនកើតហេតុស្ត្រីឈ្មោះ ខា កណ្និថា អាយុ៣១ឆ្នាំ (ជាបងស្រីបង្កើតរបស់ជនសង្ស័យ) បានមកដាក់ពាក្យបណ្តឹងម្តងរួចមកហើយ ដោយប្តឹងឈ្មោះ ខា បញ្ញា(ជាប្អូនប្រុស) ករណីគំរាមកំហែងនិងប្រើហិង្សាទៅលើប្រពន្ធ ដោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់បាននាំខ្លួនឈ្មោះ ខា បញ្ញា យកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ ហេីយ បងស្រីក៏បានសំណូមពរឱ្យសមត្ថកិច្ច ធ្វេីការអប់រំនិងធ្វើកិច្ចសន្យា រួចក៏បានសុំយកប្អូនប្រុស (ជនសង្ស័យ )ត្រឡប់ទៅផ្ទះវិញ។
លុះមកដល់វេលាកើតហេតុ ជនសង្ស័យជាប្អូនប្រុសបានទាក់ពាក្យសម្តីនិងឈ្លោះប្រកែកគ្នាជាមួយស្ត្រីរងគ្រោះជាប្រពន្ធរហូតប្រើអំពើហិង្សាវាយ១ដៃត្រូវចំភ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសហេីមជាំភ្នែក ហេីយជនសង្ស័យជាប្តីក៏បានគំរាមកំហែងប្រពន្ធថា បេីហ៊ានប្តឹងប៉ូលិសខ្លួននឹងសម្លាប់ចោលភ្លាម។ តែដោយអស់ការស៊ូទ្រាំស្ត្រីរងគ្រោះជាប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្តីយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










