អាជ្ញាធរខេត្ដឧត្ដរមានជ័យ ផ្ដល់ការលើកទឹកចិត្ដ ដល់កសិ ដ្ឋានកសិកម្មជនភៀសសឹក ក្នុងការរៀបចំប្រព័ន្ធស្បៀងបម្រុងយូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខេត្ដឧត្ដរមានជ័យ ដឹកនាំដោយ លោក មាន ចាន់យ៉ាដា អភិបាលខេត្ដនិងមន្ដ្រីជំនាញ ពាន់ព័ន្ធ បានចុះពិនិត្យ និងផ្ដល់ការលើកទឹកចិត្ដ ដល់កសិដ្ឋានកសិកម្មជនភៀសសឹក ក្នុងការរៀបចំប្រព័ន្ធស្បៀងបម្រុងយូរអង្វែង
ក្នុងស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលបានចូលរួមដាំដំណាំរួមគ្នាយ៉ាងសស្រាក់សស្រាំក្នុងកសិដ្ឋានកសិកម្មជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកចុងកាល ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ។
លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា សកម្មភាពបង្កបង្កើនផលជុំគ្នានៅលើផ្ទៃដីជិត៣ ហិចតា ក្បែរមណ្ឌលសុវត្ថិភាពនេះ គឺធ្វើឡើងស្របតាមការគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១នៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព តាមរយៈការដាំដុះបន្លែបង្ការ ដើម្បីសម្រាលបន្ទុកថវិកាប្រចាំថ្ងៃរបស់បងប្អូនក្នុងគ្រាមានអាសន្ន និងធានាផ្ដល់នូវបន្លែបៃតងស្រស់ៗ ដែលមានសុវត្ថិភាពសម្រាប់សុខភាព។
លោកបន្ដថា៖ លោកសូមគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ចំពោះ ស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលបានចូលរួមដាំដំណាំទាំងអស់គ្នា ដោយសស្រាក់សស្រាំនេះគឺជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ ដែលបង្ហាញថា ទោះបីក្នុងស្ថាន ភាពលំបាកយ៉ាងណាក៏ដោយ បងប្អូននៅតែមានស្មារតីតស៊ូ បង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត និងជួយគ្នាទៅវិញទៅមក។
សកម្មភាពដាំដុះបន្លែរួមគ្នានេះ មិនត្រឹមតែជាការដោះ ស្រាយបញ្ហាស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពដែលជួយឱ្យបងប្អូនជនភៀសសឹកមានភាពកក់ក្តៅ និងមានកម្លាំង ចិត្តក្នុងករណីដែលត្រូវស្នាក់នៅឆ្ងាយពីផ្ទះសម្បែងជាបណ្ដោះអាសន្នផងដែរ។
សូមបញ្ចាក់ថា រដ្ឋបាលខេត្តនឹងជ្រើសរើសយកទីតាំងនេះធ្វើជាកន្លែង កសិដ្ឋានកសិកម្មជនភៀសសឹក កសិដ្ឋាននេះនឹងក្លាយជាគំរូនៃការរៀបចំប្រព័ន្ធស្បៀងបម្រុង និងជាកន្លែងបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដើម្បីធានាថាគ្រប់មណ្ឌលសុវត្ថិ ភាពទាំងអស់ក្នុងខេត្តឧត្ដរមានជ័យ នឹងមានលទ្ធភាពផ្គត់ផ្គង់បន្លែបង្ការដោយខ្លួនឯងជានិរន្តរ៍ ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print