ភ្នំពេញ ៖ អំណោយមនុស្សធម៌ចំនួន២រថយន្តមានភេសជ្ជៈចំនួន១៥៦០កេសនិងទឹកសុទ្ធចំនួន៧០០កេស ត្រូវបានរដ្ឋ បាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះ វិហារ ។ ពិធីប្រគល់ទទួលអំណោយទាំងនោះ ត្រូវបានធ្វើឡើងក្រោមវត្ដមាន លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលផែនភស្តុភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
អំណោយទាំងនេះបានមកពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរៀបចំចាត់ចែងដឹកជញ្ជូនគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅ កាន់គោលដៅខេត្តព្រះវិហារ ជាបន្តបន្ទាប់។
លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុកពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនវីរកងទ័ពជួរមុខទាំងអស់ បានជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា ក្នុងនាមអ្នកសមរភូមិក្រោយយើង នៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិកាទឹកចិត្ត ស្មារតីនៅជាប់ជាមួយបងប្អូនវីរកងទ័ពជួរមុខយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងកម្លាំងមហាសាមគ្គីនៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗខ្លួនចម្រុះមុខ ចាប់តាំងពីរដ្ឋបាលរាជធានីចេញសេចក្តីអំពាវនាវរួចមក។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ ចែងវេចខ្ចប់ដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់ ។
លោក យ៉េង សារ៉េន ស្នងការរងនគរបាលខេត្តព្រះ វិហារបានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការ ងាររបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ដែលតែងតែបានខិតខំខ្នះខ្នែងកៀរគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា ចូលរួមបរិច្ចាគធនធានតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់សមរភូមិជួរមុខ ក៏ជារដ្ឋបាលខេត្តព្រះវិហារគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី២៨ខែធ្នូនេះ កម្ពុជារងផលប៉ះពាល់ទាំងតំបន់ស៊ីវិល ពលរដ្ឋស៊ីវិល ស្លាប់ របួស និងខូចខាតសំណង់អគារហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ដូចខាងក្រោម៖ ១-ករណីពលរដ្ឋស្លាប់ និងរបួស៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង ១២ថ្ងៃត្រង់ មានពលរដ្ឋស្លាប់ ចំនួន៣១នាក់ និងរបួសចំនួន៩១នាក់។ ២-ករណីពលរដ្ឋនៅជំរំភៀសសឹក៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ មានជនភៀសសឹក សរុប៦៣៦ ១០៥នាក់ ក្នុងនោះស្ត្រី ៣៣១៩០០នាក់ និងកុមារ២០១៥១១ នាក់។ តួលេខនេះ អាចមានការប្រែប្រួល ជាបន្តបន្ទាប់ទៀត៕

ដោយ៖ សំរិត









