ខេត្តមណ្ឌលគិរី៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង ៣ នាក់ទៀតរងរបួស ក្នុងករណីបាក់ថ្មរណ្តៅរ៉ែសំណ(ខុសច្បាប់) ខណៈកំពុងលួចជីកកកាយទាំងយប់អធ្រាត្រ នៅចំណុចដៃអូពងប៉ះ ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា កាលពីវេលាម៉ោង ៣:៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះស្លាប់ ឈ្មោះ ផេន ហុង ភេទប្រុស អាយុ ១៨ ឆ្នាំ (ជនជាតិព្នង ជាសិស្សសាលា)។ ក្រុមជនរងគ្រោះមានគ្នា ៦ នាក់ បានចុះទៅជីកលុងដីក្នុងរណ្តៅចាស់ (ជម្រៅ ៣ ម៉ែត្រ) រួចក៏ត្រូវថ្មបាក់ធ្លាក់ពីមាត់រណ្តៅសង្កត់ពីលើតែម្តង។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះធ្វើកោសល្យវិច្ច័យ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួស ៣ នាក់ទៀត បានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពមេម៉ង់រួចរាល់ហើយ។
នេះគឺជាការបញ្ជាក់ឲ្យឃើញថា បទល្មើសនៃការកកាយរុករករ៉ែនៅតែមាននៅតំបន់មេម៉ង់ ក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ករណីខាងលើក៏ត្រូវគេបង្កើតផងដែរថាមានការឃុបឃិតគ្នារវាងក្រុមអ្នកជីកកកាយរករ៉ែនិងសហគមន៍នៅតំបន់នោះ៕










