ខេត្តកំពង់ស្ពឺ ៖ យយប់ថ្ងៃទី០១ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០និង១០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ (៥៨-៥៩) ភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច មានករណីហិង្សាដោយចេតនាបង្កឡើងដោយក្រុមក្មេងទំនើង(ប្រេីកាំបិតកែច្នៃកាប់) ដែលជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង ។
ចំណែកជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកនិច២ ពណ៌សពាក់ផ្លាកលេខសៀមរាប 1AE-6876 ទិសដៅពីកើតទៅលិច ឈ្មោះ សូវ វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ(មិនមានរបួស) ឌុបឈ្មោះ សុន ចាន់ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ(របួសដៃខាងឆ្វេងដេរ១០ថ្នេរ) ទាំង២នាក់រស់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច។
ដោយទទួលបានការបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដឹកនាំកំលាំងចុះប្រតិបត្ដិការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួន អ្នកពាក់ព័ន្ធសង្ស័យក្រុមប្រព្រឹត្ដ ៤នាក់ នៅចំណុចផ្លូវកៅស៊ូ ភូមិសំបួរ ឃុំមហាសាំង ៖
១-ឈ្មោះ សូ សុវណ្ណារាជ ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច (ជាម្ចាស់ម៉ូតូនិង ម្ចាស់កាំបិតកែច្នៃ),២-ឈ្មោះ ខុម ដានុន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច,៣-ឈ្មោះ ញ៉ម បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួចនិង ៤- ឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទួលសុភី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមចម្លើយឈ្មោះ សូ សុវណ្ណារាជ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខបានឌុបឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន(អ្នកកាន់កាំបិត) បើកពីកើតទៅលិចតាមផ្លូវជាតិលេខ៤ បានកាប់លើជនរងគ្រោះរួចហើយជិះគេចទៅភូមិទួល ឃុំមហាសាំង ។
សមត្ថកិច្ចបានដកហូត៖-ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខនិងកាំបិតកែច្នៃ១ដើម។
ករណីខាងលើនេះ កំលាំងអធិការនគរបាលស្រុកបានបញ្ជូនមកអធិការដ្ឋានដេីម្បីកសាងសំណុំរឿបញ្ជូនទៅការិយាល័យជំនាញខេត្ដចាត់ការតាមនីតិវិធី៕










