ខេត្តបាត់ដំបង÷ នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ដែលប្រជាពលរដ្ឋកំពុងសប្បាយរីករាយអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៦ ក៏ស្រាប់តែចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់បង្កនូវការងងឹតសូន្យសុងទាំងកណ្តាលរាត្រី។
ស្របតាមអនុសាសន៍នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ទទួលព័ត៌មានពីបញ្ហានេះបានដឹកនាំកម្លាំងចុះប្រតិបត្តិការសហការឃាត់ខ្លួនមុខសញ្ញាម្នាក់ដែលកំពុងធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងអ្នកភូមិច្រកចូលការ៉ុងនៅចំណុចក្រុមទី៣៦ ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ វង់ វី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន៖
-ដង្កាប់ដែកចំនួន០១ ដងពណ៌ខៀវ
-កូនសោចំនួន០៨ដើម
-សោមូលចំនួន០១ដើម,ទូណឺវីសចំនួន០១
-ពិលពាក់ក្បាលចំនួន០១
-កាបូបស្ពាយពណ៌ខ្មៅចំនួន០១
-កូនកាបូបចំនួន០១
-ប្រាក់រៀលចំនួន៩៤.៩០០រៀល(ប្រាំបួនម៉ឺនបួនពាន់ប្រាំបួនរយរៀល)
-អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរចំនួន០១
-ចម្ពាមកៅស៊ូចំនួន០១ និងគ្រាប់ចម្ពាមមួយចំនួន
-ខ្សែភ្លើងចំនួន០២ដុំ(០១ដុំប្រវែងប្រហែល៨០ម៉ែត្រ និង០១ដុំទៀតប្រវែងប្រហែល១០ម៉ែត្រ) និងការ៉ុង ពណ៌ក្រហមចំនួន០១
-ម៉ូតូ០១គ្រឿង ម៉ាកYamaha (ម៉ូតូជិះធ្វើសកម្មភាព)។
ជនសង័្សយត្រូវបានលោកអធិការនគរបាលស្រុកមោងឫស្សីរៀបចំបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










