មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​៖​ រដ្ឋផ្ដល់​ឥណទាន​ការប្រាក់ទាប​ជាង ១២លានដុល្លារ ​ដល់​សហគមន៍កសិកម្ម​ទំនើបដាំដុះស្រូវ

ចែករំលែក៖

​ភ្នំពេញ​៖​ លោក ​ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៅថ្ងៃទី ៣០ ​ខែធ្នូ ឆ្នាំ ២០២៥ ​បានចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២ លានដុល្លារ និងជំនួយឥតសំណង​ជិត១​លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។​

លោក ​ឃឹម ហ្វីណង់ ​មានប្រសាសន៍ថា ដោយសារភាពស្រពេចស្រពិល​នៃបញ្ហាសង្គ្រាម​នៅតាម​បណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវ​បានធ្វើឡើងរួមគ្នា​នៅខេត្ត​សៀម​រាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥​ ដែលជាការចុះកិច្ចព្រមព្រៀងក្នុង​ទំហំធំបំផុត​មិនធ្លាប់​មានពីមុន​មក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០ គ្រួសារ នៅលើ​ផ្ទៃដីជាង​១៥០០០ ហិកតា និង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវ ជាដើម។

​សូមជម្រាបជូនថា​ រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចត្រៀមកញ្ចប់ថវិកាប្រមាណ ៥០ លានដុល្លារ ដើម្បី​​គាំទ្រ​ដល់​ការ​ផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប នៅក្នុង​រយៈ​ពេល ៣ ឆ្នាំ (២០២៥-២០២៧) ដែលជាយន្តការមួយក្នុងការពង្រឹងគុណ​ភាពកសិកម្ម និង​ទី​ផ្សារ​៕​ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print