ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ បានចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២ លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០ គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវ ជាដើម។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចត្រៀមកញ្ចប់ថវិកាប្រមាណ ៥០ លានដុល្លារ ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧) ដែលជាយន្តការមួយក្នុងការពង្រឹងគុណភាពកសិកម្ម និងទីផ្សារ៕ដោយ៖តារា










