ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជន០២នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្ត Rangroverមួយគ្រឿងកំពុងបត់ឆ្លងផ្លូវចូលក្នុងអាគារមួយកន្លែង កាលពីវេលាម៉ោង ១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Rangroverពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BY-7987បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយស្រ្តីម្នាក់ទៀតជាជនជាតិចិនដូចគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណះពេលបើកមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងចូលទៅក្នុងអាគារខុនដូរមួយកន្លែង ភ្លាមនោះដែរស្រាប់តែគេឃើញមានយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1I-8835 ឌុបគ្នាធ្វើដំណើរផ្លូវត្រង់តាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅបញ្រ្ចាស់គ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ត Rangroverចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់ស្លាប់ម្នាក់ ចំណែកឯ២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯអ្នកបើកបររថយន្តនិងអ្នករួមដំណើរត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ចុះមិធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សារទុកនៅការិយល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










