ភ្នំពេញ៖ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសប្បុរសជននៅតែបន្តនាំយកមកថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន មកប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់, ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ ហើយវីរកងទ័ពកម្ពុជា ទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពហើយក្ដី។
ជាក់ស្តែងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និងសប្បុរសជនមួយចំនួនទៀត បានបន្តនាំយកគ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន មកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិង ជនភៀសសឹក។
ការប្រគល់ ទទួលបានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ហួត ហៃ, អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេងអភិបាលរាជ ធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនរូបចូលរួមផងដែរ ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអរគុណចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការ ពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹង មាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយ ពីសប្បុរសជន ជារៀងរហូតនៅទីតាំងសាលារាជធានីភ្នំពេញ៕. ដោយ សំរិត










