ខេត្តស្វាយរៀង៖ អាជ្ញាធរស្រុកចន្ទ្រាចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រា។
ជាក់ស្តែង លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា កាលពីរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៦ បានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោ មន្ទីរពេទ្យ ស៊ាងយ៉ា ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
ការចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក)នេះមានការចូលរួមពីលោក ជា មង្គល ប្រធានការិយាល័យច្រកចេញចូលតែមួយ, លោក ប៉ែន សាវឿន មន្រ្តីជួរក្រោយផ្នែកសុខាភិបាលស្រុកចន្រ្ទា, លោក អុីវ ដារ៉ា នាយរងប៉ុស្តិ៍រដ្ឋបាលសំរោង។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០២៥កន្លងទៅ លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រាធ្លាប់បានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោ« មន្ទីរពេទ្យ ស៊ាងយ៉ា» ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ម្តងរួចមកហើយ។
ពាក់ព័ន្ធករណីនេះផងដែរមន្ត្រីជាន់ខ្ពស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងថា លោកបាននិងកំពុងបន្តនីតិវិធីអំពីទីតាំងសេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងនេះហើយ៕














