អ្នកនាំពាក្យរាជរដ្ឋាភិបាល៖​ កម្ពុជា​ មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា​ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ពីព្រោះបញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី។

លោកអ្នកនាំពាក្យ​រូបនេះ​ បានថ្លែងថា ចាប់តាំងពីការអនុវត្តបទឈប់បាញ់កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក មានលទ្ធផលជាវិជ្ជមានដ៏គួរឱ្យកត់សម្គាល់មួយចំនួន ក្នុងនោះមានការវិលត្រឡប់ទៅកាន់ភូមិឋានវិញរបស់ពលរដ្ឋភៀសសឹក និងជំហានបន្ទាប់គឺការឈានទៅវាស់វែង និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរតាមស្មារតីដែលមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។

លោក​ ប៉ែន​ បូណា​ បានថ្លែងបន្តថា ក្នុងកិច្ចព្រមព្រៀងកម្ពុជា និងថៃ បានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

យោងស្មារតីនៃចំណុចទី៣នេះ កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរទៅភាគីថៃកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសុំបើកកិច្ចប្រជុំពិសេសនៅក្នុងសប្តាហ៍ទី១ នៃខែមករានេះ ប៉ុន្តែ សំណើរនេះត្រូវបានភាគីថៃសុំលើកពេលក្រោមមូលហេតុរង់ចាំនីតិវិធីផ្ទៃក្នុង។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរជាលើកទី២ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករា ដដែលក្នុងខេត្តសៀមរាប។

...

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ ក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយពីព្រោះបញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី។ ក្នុងស្មារតីនេះ កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិដើម្បីកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print