សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្តចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា សួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនវីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រុមការងារកាកបាទក្រហមកម្ពុជាចំនួន៣ក្រុម បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន ៥ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះក្រុមការងារទី១ដឹកនាំដោយ លោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាអញ្ជើញសួរសុខទុក្ខ និងផ្តល់ជូនអំណោយមនុស្សធម៌ដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង, ក្រុមការងារទី២ ដឹកនាំដោយ លោក សំ វណ្ណារ៉ា នាយករងខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងផ្តល់ជូនអំណោយដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា និងក្រុមការងារទី៣ ដឹកនាំដោយ លោកស្រី​ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។

ជាការពិតណាស់ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ មិនដែលចម្លោះប្រហោងម្តងណាឡើយ ជាក់ស្តែងកាលពីពេលកន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនយើង ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន៥ ក្នុងរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែណែនាំដល់មន្ត្រីក្រោមឱវាទ តាមដានជាប់ជាប្រចាំ និងចុះសួរសុខទុក្ខជាបន្តបន្ទាប់ដល់វីរយុទ្ធជនដែលសម្រាកនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។ សកម្មភាពប្រកបដោយមនោសញ្ចេតនាខ្ពស់នេះ បានបង្ហាញពីទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុតរបស់ អ្នកម្តាយមនុស្សធម៌ ដែលមានចំពោះបងប្អូនវីរយុទ្ធជនយើង ក្នុងនាម ជាប្រធានកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជាកងទ័ពមួយរូប និងជាភរិយាជារបស់កងទ័ពកាលពីអតីតកាល ដូច្នេះ អ្នកម្តាយមនុស្សធម៌ ពិតជាយល់ច្បាស់ណាស់ពីទឹកចិត្ត និងឆន្ទៈរបស់វីរយុទ្ធជនដ៏អង់អាចក្លាហាន ជាពិសេសការលះបង់ដ៏ធំធេង សម្រាប់ជាតិមាតុភូមិជាទីស្នេហានៃយើង។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខវីរយុទ្ធជន នៅតាមមន្ទីរពេទ្យក្នុងថ្ងៃនេះក្រុមការងារកាកបាទក្រហមកម្ពុជា ទាំង៣ក្រុម បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះវីរយុទ្ធជន ជាកូនចៅ ចៅទួត របស់ព្រះអង្គ ជាពិសេសការកោតសរសើរស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប ឆាប់បានជាសះស្បើយ ឆាប់បានវិលត្រឡប់ទៅជួបជុំគ្រួសារ និងបំពេញភារកិច្ចឡើងវិញ។

ជាមួយនេះក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលបានលះបង់ប្តីសី និងកូនៗឱ្យចូលបម្រើកងទ័ពដើម្បីការពារទឹកដីនិងមាតុភូមិកម្ពុជា ដែលនេះគឺជាមោទនភាពជាតិដ៏ធំ ហើយគុណបំណាច់នេះថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ ហើយដែលវីរភាពដ៏អស្ចារ្យនេះ គឺបានចារជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរគ្រប់រូបគ្រប់ជំនាន់។

តាមរយៈវត្តមានរបស់ក្រុមការងារកាកបាទក្រហមកម្ពុជា បងប្អូនវីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើបឥតឧបមានិងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចំាចំពោះសុខទុក្ខលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាពលរដ្ឋគ្រប់រូបជាពិសេសចំពោះវីរយុទ្ធជននាពេលនេះ និងសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្តេចតេជោ, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស និងវីរយុទ្ធជនយើងជារៀងដរាបតទៅ។

...

សូមបញ្ជាក់ថា ជាមួយនឹងក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ, កាកបាទក្រហមកម្ពុជា ក៏តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជាជនភៀសសឹកដែលកំពុងជួបប្រទះនូវទុក្ខលំបាកជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការីនាំយកអំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសការប្រោសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យកទៅចែកជូនប្រជាជនភៀសសឹកជាបន្តបន្ទាប់។ មិនតែបុណ្ណោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ថវិកាចំនួន ២១ម៉ឺនដុល្លារអាមេរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាត់ចែងទិញតង់ សម្រាប់ចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពនានា។ បន្ថែមពីនេះ កាលពីពេលកន្លងទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ឧបត្ថម្ភ អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ មុង និងភួយជាច្រើន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តគោលដៅចំនួន៦ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print