Bukayo Saka បានយល់ព្រមចុះកិច្ចសន្យាបន្តរយៈពេល ៥ ឆ្នាំដ៏ធំមួយជាមួយក្លឹប Arsenal ដែលនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករទទួលប្រាក់ខែខ្ពស់បំផុតរបស់ក្លឹប ប្រមាណ 300,000 ផោន ក្នុងមួយសប្តាហ៍។
កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស វ័យ 24 ឆ្នាំ រូបនេះ មានកិច្ចសន្យាចាស់រហូតដល់ឆ្នាំ 2027 ប៉ុន្តែឥឡូវនេះ គាត់បានប្តេជ្ញាចិត្តបន្តអាជីពជាមួយក្លឹបដែលគាត់បានចាប់ផ្តើមតាំងពីក្មេង រហូតដល់ឆ្នាំ 2031 តាមរយៈកិច្ចសន្យាថ្មី ដែលរំពឹងថានឹងអាចរកចំណូលឲ្យគាត់ជិត 80 លានផោន ក្នុងអំឡុងពេលកិច្ចសន្យានោះ។
កីឡាករដែលធ្លាប់ទទួលប្រាក់ខែខ្ពស់បំផុតរបស់ក្លឹបមុននេះ គឺ Kai Havertz បាន ទទួលបានប្រាក់ខែប្រហែល 280,000 ផោន ក្នុងមួយសប្តាហ៍ ហើយស្ថានភាពថ្មីរបស់ Saka ដែលឡើងឈរនៅកំពូលតារាងប្រាក់ខែរបស់ក្លឹបកាំភ្លើង Arsenal នេះ បង្ហាញឲ្យឃើញពីតួនាទីរបស់គាត់ក្នុងនាមជាកីឡាករល្អបំផុតម្នាក់នៅអឺរ៉ុប។
គាត់គឺជាតារាកីឡាករ Arsenal ចុងក្រោយបង្អស់ ដែលបានបន្តអនាគតរបស់ខ្លួនជាមួយក្លឹប បន្ទាប់ពីកីឡាករ William Saliba, Gabriel, Ethan Nwaneri និង Myles Lewis-Skelly ក៏បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ក្នុងខែថ្មីៗនេះផងដែរ។
ក្នុងនាមជាកីឡាករដែលបណ្តុះបណ្តាលចេញពី សាលារៀន Arsenal កីឡាករ Saka បានក្លាយជាតួអង្គសំខាន់ ក្នុងការប្រជែងពានជើងឯករបស់ក្លឹបក្នុងពេលថ្មីៗនេះ ដោយបានស៊ុតបញ្ចូលទី 40 គ្រាប់ក្នុងលីគ ចាប់តាំងពីការចាប់ផ្តើមរដូវកាល 2022 និងសរុប 54 គ្រាប់ ក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់៕










