ខេត្តកណ្ដាល÷ ស្ត្រីម្នាក់ដែលលួចលាក់ប្រកបរបរកត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានសេចក្ដី រាយការណ៍ពីប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើត ឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១១ ខែមករា ២០២៦ នៅចំណុចភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះសម្បត្តិ ចរិយា ភេទស្រី អាយុ ៣០ឆ្នាំ មុខ របរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាក់ ស្ដែងរួមមាន សៀវភៅសម្រាប់កត់ឆ្នោតវៀតណាមចំនួន១ក្បាល និងប៉ិចចំនួន៣ដើម។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានករណីលួចលាក់កត់ឆ្នោតវៀតណាមនៅចំណុចខាង លើ។ ភ្លាមៗនោះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកសាកសួរតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










