លោក​ ប៉ែន​ បូណា​៖​ រាជរដ្ឋាភិបាលកម្ពុជា​ កំពុងបន្តខិតខំជួយពលរដ្ឋភៀសសឹក ខណៈជាង ៤៨ម៉ឺន​នាក់​បាន​ត្រឡប់​ទៅ​លំនៅ​ឋានវិញ

ចែករំលែក៖

ភ្នំពេញ៖​ បើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះថា៖​ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តខិតខំជួយពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសំបែងវិញ និង​កំពុងបន្តស្នាក់នៅជំរំ ខណៈមកទល់ពេលនេះពលរដ្ឋភៀសសឹកជាង ៤៨ ម៉ឺននាក់​បាន​ត្រឡប់​ទៅ​លំនៅឋានវិញ និងជាង ១៦ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅជំរំភៀសសឹកនៅឡើយ។

លោក ប៉ែន បូណា បានថ្លែងថា រាជ​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ជា​សេនា​ធិការ​បាន​និង​កំពុង​ដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយដល់បងប្អូនជនភៀសសឹក​នៅ​តាម​បណ្តាយ​ព្រំដែន។​ សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរ​មាន​សមត្ថកិ​ច្ចបា​នជួយជ្រោមជ្រែង និងសម្រួលពួកគាត់​ឱ្យ​បាន​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ដ្ឋាន​វិញ​ឱ្យ​បាន​ឆាប់​បំផុត​តាមដែលអាចធ្វើបានដោយគិតគូរយ៉ាងម៉ត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខ​មាល​ភាព​របស់ពួកគេ។

ចំណែក​អ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅ​ឡើយ​ក៏​ទទួល​បាន​ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជ​រដ្ឋាភិបាល​ក្នុង​ការ​មើល​ថែ​ពួក​គាត់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព។

លោក​អ្នកនាំពាក្យរូបនេះ​ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញ មានពលរដ្ឋភៀសសឹក​ប្រមាណ​ជា​៤៨ម៉ឺន​នាក់​ហើយ​ដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤​ម៉ឺន​នាក់​។ ដូច្នេះ នៅសល់ជនភៀសឹកជាង១៦ ម៉ឺននាក់ទៀតកំពុងប​ន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅឡើ​យ ហើយអាជ្ញាធរកំពុង​សម្រប​សម្រួល​ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅ​កាន់​ភូមិ​ឋាន​របស់​ខ្លួន​វិញ​ជា​បន្តបន្ទាប់។ ទន្ទឹមនឹងនោះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​នានា​ក៏​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ដើម្បី​បម្រើ​សេច​ក្តី​ត្រូវ​ការ​របស់​បងប្អូ​ន​ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ។

សូមបញ្ជាក់ជូនថា ការវិលត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​រប​ស់ពលរដ្ឋ​ភៀស​សឹក​មាន​ចែង​ក្នុង​ចំណុច​ទី​៤​នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលមានសេចក្តីថា ភាគីទាំង​ពីរ​ឯក​ភាព​អនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡ​ប់​ទៅ​ផ្ទះ​សម្បែង​ និង​ប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និង​ដោយ​មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​តែង​តាំង​សមា​ស​ភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ដែលមាន​ភារកិច្ច​រៀប​ចំ​ និង​គ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ខូច​ខាត​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ភាគី​ថៃ​។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ច​នេះ​កំពុង​ចុះ​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជាប់ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​ដើម្បី​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល ក៏ដូចជា​ផលប៉ះពាល់​ជាក់​ស្តែង​លើ​ជីវភាព​របស់​ប្រជាពលរ​ដ្ឋ​ដើម្បី​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​អន្ត​រាគមន៍ស្តារឡើងវិញនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាហេ​ដ្ឋា​រចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។

នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ សម្តេចបវរធិបតី នាយក​រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រុម​ការងារ​ចំពោះ​កិច្ច​កំពុង​សិក្សា​ និង​វាយ​តម្លៃ​លើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និង​ការ​ស្តាឡើ​ងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ដូចជាទឹកស្អាត អគ្គិសនី និង​ទូរ​គមនាគម​ន៍​ជា​ដើម​។ ក្រៅពីនោះ ការបោសសម្អាត​កាក​សំណ​ល់ និង​យុទ្ធ​ភ័ណ្ឌមិន​ទាន់​ផ្ទុះ​ក៏​ជាកិ​ច្ច​ការ​ដ៏​សំខាន់​មួយដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ភៀស​សឹក​មុន​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​វិល​ត្រឡ​ប់​ទៅ​កាន់​លំនៅ​ឋា​នវិញ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែងដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺ​ជូនពលរដ្ឋភៀសសឹកផងដែរ។

ក្រៅពី​ការ​យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏មានការចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន និងសប្បុរស​ជន​នានា​តាម​រយៈ​ការ​ផ្តល់​ថវិកា សម្ភារៈ ដើម្បីជួយដល់បងប្អូនជនភៀសសឹកនិងវីរកងទ័ព និងវីរកងនគរបាលជួរមុខ។ ឆ្លៀត​ឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត ដៃគូ​អភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបាន​បរិច្ចា​គធ​នធា​ន​ដើម្បី​ចូល​រួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ ។

...

សូមបងប្អូនជនរួមជាតិ និងសប្បុរស​ជន​គ្រប់​ទិស​ទី​បន្ត​សកម្ម​ភាព​សប្បុរ​ស​ធម៌​នេះ​ត​ទៅ​ទៀ​ត​ដើម្បី​បង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាកដែលជាកម្លាំងស្នូលនៃសង្គមខ្មែរ និងក៏ជាការបង្ហាញពីស្មារតីគាំទ្រសន្តិភាព និងលើកទឹក​ចិត្ត​ដ​ល់កា​រដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ពីព្រោះសង្គ្រាមតែងបង្កវិនាសកម្ម និងទុក្ខ​សោក​គ្រប់​បែប​យ៉ាង​សម្រាប់​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​ដូច​ដែលយើងធ្លាប់បានហែលឆ្លងកាត់រួចមកហើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print