អ្នកចាត់ការក្រុម Liverpool លោក Arne Slot នឹងជ្រើសរើសក្រុមខ្លាំងបំផុតរបស់គាត់សម្រាប់ការប្រកួត FA Cup ជុំទី 3 នៅថ្ងៃចន្ទជាមួយនឹងក្រុម Barnsley មកពីក្របខណ្ឌអង់គ្លេសLeague One ខណៈដែលគាត់ព្យាយាមជៀសវាងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលដូចកាលពីរដូវកាលមុនដោយចាញ់ Plymouth Argyle នៅពេលដែលគាត់ដាក់ក្រុមកីឡាករបម្រុងយ៉ាងច្រើន។
Plymouth ពេលនោះគឺជាក្រុមបាតតារាងនៃក្របខ័ណ្ឌកម្រិតទីពីរ Championship នៅពេលដែលពួកគេបានទម្លាក់ក្រុមនាំមុខនៅក្នុងក្របខ័ណ្ឌ Premier League ក្នុងជុំទី 4 ជាមួយនឹងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល 1-0 ។
គ្រូបង្វឹកសញ្ជាតិហូឡង់ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃពានរង្វាន់ FA Cup នៅពេលនេះដែលថា Liverpool លែងប្រកួតប្រជែងក្នុង League Cup ទៀតហើយ ដោយត្រូវបានកាត់ចេញកាលពីដើមរដូវកាលនេះ។ Slot បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំអាចធានាអ្នកថានៅថ្ងៃច័ន្ទអ្នកនឹងឃើញកីឡាករទាំងអស់ដែលអ្នកបានឃើញ (នៅថ្ងៃព្រហស្បតិ៍ទល់នឹង Arsenal) ប្រហែលជាជាមួយនឹងការប្តូរកីឡាករមួយចំនួន ប៉ុន្តែបន្ទាប់មកពួកគេនឹងនៅលើកៅអីបម្រុង។ ដូច្នេះវានឹងខុសពីរដូវកាលមុនទល់នឹង Plymouth។កាលពីរដូវកាលមុន ខ្ញុំបានសម្រេចចិត្តថាកីឡាករមួយចំនួនត្រូវសម្រាកនៅ FA Cup ពីព្រោះអ្នកមិនអាចលេងគ្រប់កីឡាករគ្រប់ពេល។ ប៉ុន្តែវាច្បាស់ណាស់ថាយើងមិននៅក្នុង League Cup ទៀតទេ។ FA Cup តែងតែមានសារៈសំខាន់សម្រាប់យើង”។
លោកSlot ក៏បានបញ្ចាក់ផងដែរថាខ្សែប្រយុទ្ធ Hugo Ekitike គឺ “មិនធានា 100%ថាអាចចូលលេងទេ ប៉ុន្តែថាក្លឹបនឹង ធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យគាត់មានវត្តមានសម្រាប់ការប្រកួតនៅថ្ងៃច័ន្ទនេះ”៕










