ក្នុងឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៣,៦ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១៥% គឺដោយសារភាពតានតឹងនៃជម្លោះព្រំដែន

ចែករំលែក៖

ភ្នំពេញ៖​ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៣,៦ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១៥% ធៀបឆ្នាំ២០២៤។ ការធ្លាក់ចុះនេះ គឺដោយសារភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងវិញតាំងពីពាក់កណ្តាលឆ្នាំ២០២៥។ តែយ៉ាងណាការធ្លាក់ចុះនេះ ត្រូវបានមហាជនមួយចំនួនយល់ថា នៅមានចំនួនតិច ហើយជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់បន្តសាមគ្គីគ្នាធ្វើពហិការ ចំពោះផលិតផលថៃ។ តើហេតុអ្វីបានជាទំហំពាណិជ្ជកម្មកម្ពុជា-ថៃធ្លាក់ចុះតិច​?

បើតាម លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ បានពន្យល់ថា និន្នាការនៃការជ្រើសរើសប្រើប្រាស់ផលិតផលខ្មែរ ឬផលិតផលក្នុងស្រុក និង ការធ្វើពហិការទំនិញថៃ ធ្វើអោយតម្រូវការនៃការបើប្រាស់ផលិតផលថៃថយចុះក្នុងកម្រិតទាប ព្រោះផលិតផលទាំងនោះភាគច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃទាប ខណៈរាជរដ្ឋាភិបាលកម្ពុជាបានហាមឃាត់មិនឱ្យមានការនាំចូលទំនិញពីថៃមួយចំនួនដូចជា បន្លែ ផ្លែឈើ និងមុខទំនិញជាប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

លោកអ្នកនាំពាក្យរូបនេះ​ បន្តពន្យល់ថា ការនាំចូលគ្រឿងបន្លាស់ និងគ្រឿងបង្គុំរថយន្ត សម្រាប់រថយន្តដែលតម្លើងនៅកម្ពុជានៅតែបន្តមាន ហើយតម្លៃថ្លៃ ដែលចូលរួមបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ម្ស៉ាងវិញទៀត ចរន្តពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) ទើបនឹងរាំងស្ទះនៅចន្លោះពីពាក់កណ្តាល ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ដូច្នេះទិន្នន័យនេះ បានកត់ត្រាពីដើមឆ្នាំ២០២៥រហូតមកដល់ដាច់ឆ្នាំ ២០២៥ កន្លងទៅនេះ។

ជាមួយគ្នានេះ​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង​ ក៏បា​នយល់ឃើញស្រដៀងគ្នាជាមួយលោកប៉ែន សុវិជាតិ ផងដែរ។​ ដោយលោក​ ថា ការពហិការមិនប្រើប្រាសើផលិតផលថៃភាគច្រើន គឺមានតែទំនិញប្រចាំថ្ងៃដូចជា បន្លែ ផ្លែឈើ សាច់សត្វគ្រប់ប្រភេទ និង ប្រេងឥន្ធនៈជាដើម ហើយជាទំនិញដែលរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់ដែរ។ ប៉ុន្តែចំពោះ ទំនិញដែលមានភាពចាំបាច់ដូចជា គ្រឿងបង្គុំ អេឡិចត្រូនិក និង វត្ថុធាតុដើមផ្សេងៗ គឺនៅតែបន្តនាំចូល ហើយមានតម្លៃថ្លៃ ធ្វើឱ្យតួលេខនៃការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរស្ថិតនៅក្នុងកម្រិតទាប។

ដោយឡែក​លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា​ បានលើកឡើងដែរថា៖​ “ការមិនប្រើប្រាស់ផលិតផលថៃដូចជាទំនិញប្រចាំថ្ងៃ អាហារ បន្ថែ ផ្លែឈើជាដើមនេះ គឺសុទ្ធតែមានតម្លៃទាប ខណៈផលិតផលចាំបាច់ដែលត្រូវនាំចូលមានតម្លៃខ្ពស់ ដូចនេះតួលេខក៏មានការគណនាជាក់ស្ដែងតាមហ្នឹងដែរ ដែលជាហេតុនាំឱ្យតួលេខធ្លាក់ចុះតិច”។ លោកថា នៅពេលបិទព្រំដែន ទំនិញមួយចំនួនត្រូវបានប្តូរមកដឹកជញ្ជូនតាមផ្លូវសមុទ្រ ខណៈរាជរដ្ឋាភិបាលកម្ពុជាបិទតែទំនិញ៤មុខទេ ដូច្នេះធ្វើឱ្យទំហំពាណិជ្ជកម្មធ្លាក់ចុះទាប។

...

តែយ៉ាងណាក៏ដោយ អ្នកជំនាញ យល់ថា គឺជាឱកាសរបស់កម្ពុជា ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្មជាមួយបណ្ដាប្រទេសផ្សេងៗទៀត ទាក់ទាញវិនិយោគិនឱ្យមកវិនិយោគ និង បណ្តាក់ទុនបង្កើតរោងចក្រនៅកម្ពុជា ក្នុងគោលដៅជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ក៏ដូចជាជួយដល់ប្រជាជនកម្ពុជាទូទាំងប្រទេស៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print