ភ្នំពេញ ៖ មានប្រសាសន៍ អំឡុងពិធីប្រគល់-ទទួលអំណោយកញ្ចប់ Panda រវាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល របស់កម្ពុជា នាពេលថ្មីៗនេះ, លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងបង្ហាញពីក្តីសង្ឃឹមថា នឹងមានសង្គមស៊ីវិលចិន ជាច្រើនផ្សេងទៀត នឹងមកចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។
លោក Wang Wenbin បានកោតសរសើរ ចំពោះចំណងមិត្តភាពរវាងចិន និងកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងជាពិសេសបានផ្សារភ្ជាប់បេះដូងរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ លោក ក៏បានបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តជួយអភិវឌ្ឍន៍សង្គមស៊ីវិលកម្ពុជា ដើម្បីគាំទ្រដល់ការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជា ហើយសង្ឃឹមថា នឹងមានសង្គមស៊ីវិលចិនជាច្រើនផ្សេងទៀត នឹងមកចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។
លោកសង្ឃឹមថា សិស្សានុសិស្សដែលទទួលបានអំណោយកញ្ចប់ Panda នេះ នឹងខិតខំរៀនសូត្រ ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក Wang Wenbin ក៏បានបន្តបង្ហោះរូបភាពមួយចំនួន ដែលឃើញមានកុមារកម្ពុជាទទួលបានកញ្ចប់ Panda ដោយបានបានរៀបរាប់ថា «អំណោយផ្នែកថ្មីមួយទៀតជាកាបូបស្ពាយខ្លាឃ្មុំផេនដានិងកង់របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ត្រូវបានប្រគល់ជូនដល់សិស្សានុសិស្សក្នុងតំបន់នៃខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងតាកែវ ជាដើម ដើម្បីសម្រួលដល់ការសិក្សារបស់ពួកគេ»។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ នៅក្នុងពិធីប្រគល់-ទទួលអំណោយកញ្ចប់ Panda នាពេលថ្មីៗនេះផងដែរថា អំណោយដ៏ថ្លៃថ្លានេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងស្មារតីមនុស្សធម៌ ពិសេស សមានចិត្តស្រឡាញ់រាប់អាន ខ្វល់ខ្វាយ និងជួយទំនុកបម្រុងពីសំណាក់ប្រជាជន និងរដ្ឋាភិបាលចិន ចំពោះប្រទេសនិងប្រជាជនកម្ពុជា។
«កិច្ចសហការរវាងវេទិកាសង្គមស៊ីវិល និងមូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ ក៏រួមចំណែក ក្នុងការឆ្លើយតប ទៅនឹងការអនុវត្ត តាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលសុទ្ធសឹងជាគោលដៅស្នូល នៃ ការអភិវឌ្ឍជាតិ និងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ រួមចំណែកបន្ថែមសន្ទុះថ្មី ដល់ការកសាងសហគមវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដែលផ្តោតលើការអភិវឌ្ឍ ប្រកបដោយភាពបើកចំហរ ផលប្រយោជន៍រួមគ្នា និងចីរភាព ដោយយកប្រជាជន ជាអាទិភាពស្នូល»។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ នេះ មិនមែនមានអត្ថន័យត្រឹមតែជាសម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការរួមចំណែកមួយក្នុងការកសាងមូលធនមនុស្ស ដែលត្រូវចំណាយពេលយូរអង្វែង តែ ជាកត្តាកំណត់អនាគតប្រទេសជាតិ ក្នុងរយៈពេលវែង៕
ប្រភព ៖ (CCFR)










