ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវា របស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ របស់គេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ ខណៈក្នុងឆ្នាំ២០២៥កន្លងមករដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានសមទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ ។
លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៌ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដំណើរ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ។
លោកនាយករដ្ឋបាល បានបន្តថា៖ អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ បានចំនួន ១១៦.៧២៧សេវា ដោយទទួលបានចំណូលសរុប ៦៩.៧៧៩.៨០០រៀល (ហុកសិបប្រាំបួនប៊ីលាន ប្រាំពីររយចិតសិបប្រាំបួនលាន ពីររយប្រាំពីរពាន់ ប្រាំបីរយរៀល) ។ ដោយឡែក រដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវាសរុបចំនួន ៥៥៦.៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកាសរុបចំនួន៣.១៩១.៤៣៤. ៥៨១រៀល ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគេហទំព័រ ឃ្យូ.អ.កូដ. (QR Code web Portal) សម្រាប់បង្កើត ឃ្យូ.អ.កូដ. ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ Veritify.gov.kh សម្រាប់ដាក់លើអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតរដ្ឋបាលផ្សេងៗ ។
ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ដំណើរការប្រព័ន្ធច្រកចេញចូលតែមួយ តាមអនឡាញ របស់ក្រសួងមហាផ្ទៃទាំងwebsite និងទាំងApp «online.owso.gov.kh»។
លោកហុក ហួលីម បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការវិនិយោគ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ សរុបមានចំនួន៤៤គម្រោង និងបង្កើតការងារធ្វើចំនួន ២២.៧០៣កន្លែង ។ ក្នុងនោះពាក់ព័ន្ធនឹងការងារធនធានទឹក និងឧតុនិយម បានស្តារប្រឡាយស្រោច ក្នុងខណ្ឌកំបូល ចំនួន១ខ្សែប្រវែង ៧៥០ម៉ែត្រ សម្រេចបាន១០០% និងជួលជុលសំណង់ទ្វារទឹក និងដាក់លូចំនួន១ខ្សែ ។ ស្តាប្រឡាយស្រោចស្រពចំនួន ១ខ្សែ ប្រវែង ១.០២០ម៉ែត្រ សម្រេចបាន១០០% ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ។ ជួសជុលជាប្រចាំប្រព័ន្ធធារាសាស្ត្រ ទំនប់សណ្តរក្រាំងពង្រក្រោម៖ ជួសជុលបង្ហាប់ថ្មមិច លើខ្នងទំនប់ប្រវែង ៩.៩៤២ម៉ែត្រ លទ្ធផលសម្រេចបនា១០០% ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ និងជួសជុលជើងទេរទំនប់ប្រវែង ៩.៩៤២ម៉ែត្រ លទ្ធផលសម្រេចបាន ១០០% ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ ទាក់ទិននិងការងារដ្ឋាករទឹក រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ បានផលិតទឹកស្អាតបានចំនួន៣០៨.៩៤០.៤៥៦ម៉ែត្រគីឡូស្មើនឹង៩៧, ០៨% នៃផែនការឆ្នាំ២០២៥ និងបានតបណ្តាញទឹកស្អាតចូលផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌទាំង១៤ និងក្រុងតាខ្មៅបានចំនួន ២២.០០៣បណ្តាញ ។
លោកបន្ដថា រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ការងារអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន បាន៤៤៨ករណី ឃាត់ខ្លួន ៦១៧នាក់, បង្ក្រាបក្មេងទំនើងបាន ២៣៤ករណី/៦៩៥ករណី ឃាត់ខ្លួន ៧១៣នាក់/១.៤១៥នាក់ (ស្រី៣៧នាក់/៦១នាក់), បង្ក្រាបបទល្មើសគ្រឿងញៀន បាន១.៦៥៣ករណី/១.៤០៦ករណី ឃាត់ខ្លួន ២.៨៨២នាក់/២.៥៨៣នាក់ (ស្រី ២៣៨នាក់/២៣៥នាក់), បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ៥៥ករណី ឃាត់ខ្លួន ៣៣៨នាក់ (ស្រី ២៥នាក់), ការងារប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបបាន៥ករណី ឃាត់ខ្លួន ៨នាក់ (ស្រី១នាក់), បង្ក្រាបបទល្មើសសេដ្ឋកិច្ចចំនួន២២ករណី ឃាត់ខ្លួន ៧នាក់, ការងារសហការបង្ក្រាបបទល្មើស (Online Scams) បានចំនួន ៤៤ករណី ឃាត់ខ្លួន ១.០៧៧នាក់/១១សញ្ញាតិ (ស្រី១៧៦នាក់) និងគ្រោះអគ្គិភ័យកើតមាន ១៤៨លើក/ ១៣៦លើក កើនឡើង ១២លើក ស្មើនឹង៩% (ស្លាប់១៨នាក់/៣នាក់, របួស ២៩នាក់/៤នាក់) ។
បន្ថែមលើនេះ ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានពីគ្រោះមហន្តរាយធម្មជាតិ៕
ដោយ៖ សំរិត









