ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ- អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្ត សៀមរាប ត្រូវបានភាគីថៃឆ្លើយតបនិងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើត ឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ។
ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿន ការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖
១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់ នៃការចុះលើដីជាក់ស្តែង។
សូមគូសបញ្ជាក់ផងដែរថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្តើមធ្វើការវាស់វែងនិង បោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានមកលើអធិបតេយ្យនិង បូរណភាពទឹកដីកម្ពុជា។
២- ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមគូសបញ្ជាក់ឡើងវិញថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បី បន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធី និងបែបបទការងារ(Technical Instruction) ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នាពេលកន្លងមក។ ក្នុងស្មារតីនេះ នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul ក៏បានលើកឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុង សារព័ត៌មាន The Nation Thailand ថា៖ «ក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ (…) កិច្ចប្រជុំរបស់គណៈកម្មការ JBC ថៃ-កម្ពុជា មិនអាចធ្វើបានទេ ដោយហេតុថាអាណត្តិរបស់ប្រធានគណៈកម្មការ JBC បានបញ្ចប់ ជាមួយនឹងអាណត្តិរបស់រដ្ឋាភិបាលទៅហើយ។ (…) ប៉ុន្តែ ក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្ត ការងាររបស់ខ្លួនដដែល។»។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តា ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
សេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ជ្រាប ជាព័ត៌មាន៕ដោយ៖តារា










