ចូលលួចទូរស័ព្ទនៅតូបលក់ចានឆ្នាំងបំណងយកទៅលក់ចាយវាយ ត្រូវម្ចាស់ប្ដឹងនគរបាលក្រុងតាខ្មៅចុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷ ជនសង្ស័យវ័យក្មេងម្នាក់ដែលធ្វើ សកម្មភាពចូលលួចទូរស័ព្ទដៃនៅតូបលក់ចានឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលស្គាល់មុខសញ្ញាច្បាស់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១៤ មករា ២០២៦ នៅចំណុចតូបលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រស់ រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ឹម ចាន់ថន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់ជាមួយជនសង្ស័យដែរ។ វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃម៉ាក AWESOME ពណ៌មាស ចំនួន១គ្រឿង (របស់ជនរងគ្រោះ)។

លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះឯភ្នំពេញដើម្បីរៀបចំឥវ៉ាន់យកមកលក់នៅមុខរោងចក្រមួនតៃ (កន្លែងកើតហេតុ)។ ពេលនោះ ស្រាប់តែប្រពន្ធរបស់គាត់បានទូរស័ព្ទទៅប្រាប់ថា មានចោរចូលលួចទូរស័ព្ទទៀតហើយ ដោយប្រពន្ធគាត់ស្គាល់ភិនភាគនិងឈ្មោះជនសង្ស័យច្បាស់ផងនោះ ក៏នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរតែម្ដង។ ភ្លាមៗនោះ កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានសម្រេចរួមទាំងវត្ថុតាង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃរបស់ជនរងគ្រោះពិតមែន ដើម្បីយកទៅលក់យកលុយចាយវាយ។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print