អង្គការការពារសិទ្ធិពលកម្មមួយបានអះអាងថា ខ្លួនបានរកឃើញភស្តុតាងនៃការកេងប្រវ័ញ្ចកម្មករនៅក្នុងរោងចក្រមួយនៅប្រទេសចិន ដែលផលិតតុក្កតា Labubu ដែលកំពុងល្បីខ្លាំង។
អង្គការ China Labor Watch (CLW) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា ការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា អ្នកផ្គត់ផ្គង់មួយរបស់ក្រុមហ៊ុន Pop Mart បានបង្ខំឲ្យនិយោជិតធ្វើការក្នុងម៉ោងបន្ថែមហួសកម្រិត ឲ្យចុះហត្ថលេខាលើកិច្ចសន្យាដែលទទេ ឬមិនទាន់បំពេញពេញលេញ ហើយមិនផ្តល់ឲ្យពួកគេនូវការឈប់សម្រាកដែលមានប្រាក់ឈ្នួល។
តុក្កតា Labubu ដែលមានរោមទន់ៗ បានកើនឡើងក្នុងប្រជាប្រិយភាពយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេស្គាល់ច្បាស់ដោយសារការលក់តុក្កតាតាមរយៈ “ប្រអប់អាថ៌កំបាំង” (blind boxes) ដែលអ្នកទិញមិនដឹងថាមានអ្វីនៅខាងក្នុងទាល់តែបើកមើល។
ក្រុមហ៊ុន Pop Mart បានប្រាប់ BBC ថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើការអះអាងទាំងនេះ។
ក្រុមហ៊ុនលក់តុក្កតាមានមូលដ្ឋាននៅទីក្រុងប៉េកាំងនេះ បាននិយាយថា ខ្លួនសូមអរគុណចំពោះព័ត៌មានលម្អិតពីរបាយការណ៍ពិនិត្យឡើងវិញ ហើយនឹង “ទាមទារយ៉ាងម៉ឺងម៉ាត់” ឲ្យក្រុមហ៊ុនដែលផលិតតុក្កតារបស់ខ្លួនកែប្រែការអនុវត្តការងារ ប្រសិនបើការអះអាងទាំងនោះត្រូវបានបញ្ជាក់ថាជាការពិត។
Pop Mart បានបន្ថែមថា ខ្លួនធ្វើការត្រួតពិនិត្យអ្នកផ្គត់ផ្គង់ជាប្រចាំ រួមទាំងការពិនិត្យដោយភាគីទីបីឯករាជ្យប្រចាំឆ្នាំ ដែលអនុវត្តដោយអង្គភាពត្រួតពិនិត្យដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
អង្គការ CLW បានបញ្ចាក់ក្នុងរបាយការណ៍របស់ខ្លួនថា ខ្លួនបានអនុវត្តការស៊ើបអង្កេតយ៉ាងលម្អិតលើក្រុមហ៊ុនផលិត Labubu គឺ Shunjia Toys Co Ltd នៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។
BBC មិនអាចទាក់ទងក្រុមហ៊ុន Shunjia Toys Co Ltd ដើម្បីសុំមតិយោបល់បានទេ។
CLW បានបន្ថែមថា អ្នកស្រាវជ្រាវរបស់ខ្លួនបានធ្វើសម្ភាសន៍ផ្ទាល់មុខចំនួន 51 លើកជាមួយកម្មករនៅរោងចក្រ ដើម្បីពិភាក្សាអំពីការជ្រើសរើសបុគ្គលិក កិច្ចសន្យា និងលក្ខខណ្ឌការងាររបស់ពួកគេ។
តាមរបាយការណ៍របស់ CLW រោងចក្រនេះមានបុគ្គលិកលើសពី 4,500 នាក់។
អង្គការនេះបានបង្ហាញពីបញ្ហាសិទ្ធិពលកម្មនៅរោងចក្ររបស់ Shunjia Toys Co Ltd ក្នុងស្រុក Xinfeng រួមមានម៉ោងធ្វើការបន្ថែមដែលខុសច្បាប់ ការអនុវត្តកិច្ចសន្យាមិនច្បាស់លាស់ និងការខ្វះការបណ្តុះបណ្តាល និងការការពារផ្នែកសុវត្ថិភាព។
CLW បាននិយាយថា មិនមានការរកឃើញពលកម្មកុមារនៅរោងចក្រនេះទេ ប៉ុន្តែមានការជួលយុវជនអាយុ 16 ឆ្នាំ ដែលត្រូវធ្វើការក្រោមលក្ខខណ្ឌដូចមនុស្សពេញវ័យ ដោយគ្មានការយកចិត្តទុកដាក់ពិសេសដូចដែលច្បាប់ចិនបានកំណត់។
អង្គការនេះបានអំពាវនាវឲ្យ Pop Mart ចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ អង្គការមិនរកប្រាក់ចំណេញនេះបាននិយាយថា ក្រុមហ៊ុនគួរតែសងសំណងដល់កម្មករដែលរងផលប៉ះពាល់ និងធានាថាខ្សែផលិតកម្មរបស់ខ្លួនគោរពតាមច្បាប់ការងារចិន និងស្តង់ដារពលកម្មដែលទទួលស្គាល់ជាអន្តរជាតិ។
សហគ្រាសប្រភេទនេះ ដែលគេហៅថា Original Equipment Manufacturers (OEM) ផលិតផលិតផលតាមតម្លៃ និងកាលវិភាគផលិតដែលកំណត់ដោយអតិថិជន។
Labubu ពេញនិយមយ៉ាងខ្លាំងហើយភាពល្បីនេះបានបង្កឲ្យមានជួររង់ចាំវែងៗនៅហាងលក់ទំនិញជុំវិញពិភពលោក។
ការគាំទ្រពីតារាល្បីៗ ដូចជា Kim Kardashian និង Lisa ពីក្រុម K-pop Blackpink បានជួយឲ្យ Pop Mart ក្លាយជាក្រុមហ៊ុនលក់តុក្កតាធំមួយនៅលើទីផ្សារ៕










