អេស្ប៉ាញរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរបរទេសកាន់តែច្រើន និងឲ្យមានការចំណាយសរុបកាន់តែខ្ពស់នៅឆ្នាំ ២០២៦ បន្ទាប់ពីប្រទេសនេះបានទទួលភ្ញៀវទេសចរចំនួនកំណត់ត្រា ៩៧ លាននាក់កាលពីឆ្នាំមុននេះ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីទេសចរណ៍ Jordi Hereu ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ។
លោក Hereu បានមានប្រសាសន៍បន្ថែមថា “ប្រសិនបើកំណើនបន្តដូចឆ្នាំនេះ យើងអាចឈានដល់ភ្ញៀវទេសចរបរទេស ១០០ លាននាក់ ប៉ុន្តែយើងមិនបានផ្តោតទៅលើចំនួននោះជាចម្បងទេ។ ចំនួនភ្ញៀវកាលពីឆ្នាំមុនកើនឡើង ៣.៥% បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលពីវិស័យទេសចរណ៍កើនឡើង ៦.៨% ដល់ ១៣៥ ពាន់លានអឺរ៉ូ (១៥៧ ពាន់លានដុល្លារ)”។
អេស្ប៉ាញគឺជាប្រទេសដែលមានភ្ញៀវទេសចរចូលទស្សនាច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីបារាំង ហើយវិស័យទេសចរណ៍ជាប្រភពចំណូលសំខាន់មួយសម្រាប់សេដ្ឋកិច្ចប្រទេសនេះ ដែលបានរីកចម្រើនលឿនជាងប្រទេសអឺរ៉ុបដទៃទៀតក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។
តាមការប៉ាន់ប្រមាណរបស់ក្រុមបណ្ដាញឧស្សាហកម្មទេសចរណ៍ Exceltur វិស័យនេះបានរួមចំណែកប្រហែល ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់អេស្ប៉ាញនៅឆ្នាំ ២០២៥។
លោក Hereu បាននិយាយថា ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ រួមទាំងរដូវឈប់សម្រាកបុណ្យ Easter ដែលមានភាពមមាញឹក អាជ្ញាធររំពឹងថា ភ្ញៀវទេសចរបរទេសនឹងកើនឡើង ៣.៧% ដល់ ២៦ លាននាក់ ហើយពួកគេត្រូវបានរំពឹងថានឹងចំណាយប្រហែល ៣៥ ពាន់លានអឺរ៉ូ កើនឡើង ២.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងខ្លាំងនៃវិស័យទេសចរណ៍នៅប្រទេសមហាសមុទ្រមេឌីទែរ៉ាណេនេះ ទោះបីជាជួយលើកសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែបានបង្កការតានតឹងនៅតំបន់ទេសចរណ៍ជាច្រើន ដោយសារផលប៉ះពាល់អវិជ្ជមានដូចជា តម្លៃលំនៅឋានកើនឡើង ការកកស្ទះចរាចរណ៍ និងបញ្ហាការខូចខាតធនធានធម្មជាតិ។
តំបន់ទេសចរណ៍ពេញនិយមមួយចំនួន ដូចជា កោះ Ibiza បានចាត់វិធានការតឹងរឹងលើការជួលផ្ទះរយៈពេលខ្លី។
ប៉ុន្តែរដ្ឋមន្ត្រីបានបន្ថែមថា ប្រហែលពីរភាគបីនៃភ្ញៀវទេសចរដែលបានមកទស្សនាអេស្ប៉ាញនៅឆ្នាំ ២០២៥ មានបំណងត្រឡប់មកម្តងទៀត ដោយពួកគេមើលឃើញថា ប្រទេសនេះមានសុវត្ថិភាព ហើយមិនមានសញ្ញាណាមួយបង្ហាញថា បញ្ហាភូមិសាស្ត្រនយោបាយសកលកំពុងប៉ះពាល់ដល់ការហោះហើរ ឬនិន្នាការកក់សំបុត្រ៕










