ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយឈ្មោះ Crystal Bay Airlines បានចូលរួមក្នុងទីផ្សារអាកាសចរណ៍វៀតណាម ដោយមានមូលធនចុះបញ្ជីចំនួន 300 ពាន់លានដុង (ប្រហែល 11.4 លានដុល្លារអាមេរិក)។
យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2025 និងដំណើរការនៅក្នុងវិស័យអាជីវកម្មចំនួន 51 វិស័យ ដោយមានការផ្តោតសំខាន់លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមអាកាស។
ភាគហ៊ុនិកស្ថាបនារបស់ក្រុមហ៊ុន រួមមាន Crystal Bay Tourism Group ដែលបានវិនិយោគមូលធនចំនួន 282 ពាន់លានដុង ឬស្មើ 94% នៃមូលធនចុះបញ្ជីរបស់ក្រុមហ៊ុន។ ខណៈដែលប្រធានក្រុមហ៊ុន លោក Nguyen Duc Chi កាន់កាប់ភាគហ៊ុន 5% និងនាយកទូទៅ លោក Bui Tuong Chi កាន់កាប់ភាគហ៊ុន 1% ផងដែរ។
ក្រុមហ៊ុន Crystal Bay Tourism Group មានប្រតិបត្តិការចម្បងនៅក្នុងវិស័យទេសចរណ៍ ការធ្វើដំណើរ រមណីយដ្ឋាន និងការវិនិយោគអចលនទ្រព្យទេសចរណ៍។ មុនពេលបង្កើតក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុននេះមិនធ្លាប់កាន់កាប់ ឬប្រតិបត្តិការយន្តហោះដោយផ្ទាល់ក្រោមម៉ាក Crystal Bay ឡើយ។
ទោះយ៉ាងណា ចាប់តាំងពីប្រហែលឆ្នាំ 2022 មក ក្រុមហ៊ុនបានរៀបចំជើងហោះហើរជួលអន្តរជាតិ ដើម្បីនាំភ្ញៀវទេសចរចូលមកវៀតណាម ជាពិសេសទៅកាន់តំបន់ដូចជា ឈូងសមុទ្រ Cam Ranh និង កោះ Phu Quoc។
ជើងហោះហើរទាំងនេះភាគច្រើនត្រូវបានប្រតិបត្តិជាប្រចាំដោយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ដូចជា Vietjet Air និង Bamboo Airways ដែលភ្ជាប់វៀតណាមជាមួយទីផ្សារជាច្រើន រួមមាន កាហ្សាក់ស្ថាន តៃវ៉ាន់ ថៃ ម៉ុងហ្គោលី និង អ៊ូសបេគីស្ថាន។
មកដល់ឆ្នាំ 2023 Crystal Bay ក៏បានបង្កើតក្រុមហ៊ុន Crystal Bay Tour Co Ltd ដើម្បីអភិវឌ្ឍកម្មវិធីទន់សម្រាប់លក់សំបុត្រយន្តហោះ និងកញ្ចប់ទេសចរណ៍ ព្រមទាំងអនុវត្តសកម្មភាពទីផ្សារ និងការទំនាក់ទំនង ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងសម្រាប់អាជីវកម្មទេសចរណ៍។
ការបង្កើតក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ខ្លួនរបស់ Crystal Bay ត្រូវបានមើលឃើញយ៉ាងទូលំទូលាយថា ជាជំហានបន្ទាប់ដ៏សមស្រប ដើម្បីបំពេញប្រព័ន្ធអេកូស៊ីស្ទឹមរបស់ក្រុមហ៊ុន និងជំរុញការរីកចម្រើននៃអាជីវកម្មទេសចរណ៍របស់ខ្លួន៕










