ភ្នំពេញ៖ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ (RGPPSEZ ) សម្រេចបាននូវទំហំទឹកប្រាក់ ២,១៥ ពាន់លានដុល្លារ តំណាងឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់កម្ពជា ឆ្លុះបញ្ចាំងពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
ការនាំចេញដែលបង្កើតឡើងដោយក្រុមហ៊ុនកម្មន្តសាលចំនួន ៩១ មកពី ១៥ ប្រទេសដែលបានធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សរវាងឆ្នាំ នៅក្នុងរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) កើនឡើងជាង ៣ ដង។
ក្រុមហ៊ុនទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធន់ស្រាលផ្សេងៗទៀត។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន PPSP មានប្រសាសន៍ថា៖« វិស័យនាំចេញរបស់ប្រទេសកម្ពុជាបានកត់ត្រានូវកំណើនមួយដ៏រឹងមាំ និងមានស្ថេរភាព ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក»។
ទោះបីជាស្ថិតក្នុងភាពមិនប្រាកដប្រជាជាសកលក្នុងអំឡុងពេលនេះក៏ដោយតម្លៃនាំចេញសរុបរបស់កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយឈានដល់ជាង ៣១ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងជាង ១៩ ពាន់លានដុល្លារនៅឆ្នាំ ២០២១។
បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៦៥,២៥ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ៣១,២៨ ពាន់លានដុល្លារ កើនឡើង ១៧% និងនាំចូលមានតម្លៃ ៣៣,៩៦ ពាន់លានដុល្លារ កើនឡើង ១៨%៕
ដោយ៖តារា










