ខេត្តកណ្ដាល÷ មុខសញ្ញាប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មម្នាក់ ដែលសម្ងំលាក់ខ្លួនប្រើប្រាស់ក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនបានភ្លាមៗ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈកម្មវិធី «NoDrug» របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២១និង១៥នាទីយប់ ថ្ងៃទី១៧ មករា ២០២៦ នៅចំណុចព្រៃខាងកើតភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ ខ្លួនមានឈ្មោះ រិន ដូណា ភេទប្រុស អាយុ២៣ឆ្នាំ មុខ របរមិនពិតប្រាកដ ទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល (ពិនិត្យទឹកនោមមានសារធាតុញៀនវិជ្ជមាន និងធ្លាប់ប្រើប្រាស់ប្រហែល៣ឆ្នាំមកហើយ)។ វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃម៉ាក Vivian ពណ៌ខ្មៅលាយឈាមជ្រូក ១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ មានមហាជនល្អបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug ថាមានករណីប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានចុះទៅដល់គោលដៅធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពីឈ្មោះ តូ ភារ៉ា ហៅមោក (ប្រុស, ២៩ឆ្នាំ) នៅភូមិដំណាក់កកោះ ក្នុងតម្លៃ ១ម៉ឺនរៀល ដើម្បីយកមកប្រើប្រាស់ពិតប្រាកដមែន ហើយកន្លងមកខ្លួនតែងតែទិញពីឈ្មោះនេះជាញឹកញាប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










