វៀតណាមចាប់ផ្ដើមមហាសន្និបាតបក្សកុម្មុយនិស្តដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាក្រុមប្រតិភូមកពីគណបក្សកុម្មុយនិស្ដវៀតណាម នឹងត្រូវជួបជុំគ្នានៅថ្ងៃចន្ទ ទី១៩ ខែមករា នៅក្រោមការរឹតបន្តឹងសន្តិសុខដើម្បីចូលរួមក្នុងមហាសន្និបាតមួយដែលនឹងធ្វើការជ្រើសរើស មេដឹកនាំរបស់បក្ស និងដាក់ចេញគោលដៅសេដ្ឋកិច្ចសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។

សមាជបក្សកុម្មុយនិស្ដវៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមករា និងធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ត្រូវបានរំពឹងថានឹងពង្រឹងនិងពង្រីកអំណាចបន្ថែមរបស់ អគ្គលេខាធិការបក្សសព្វថ្ងៃ គឺលោក To Lam ។ នៅក្នុងសមាជនេះដែរ ប្រតិភូ ១៦០០នាក់ នឹងធ្វើការជ្រើសរើសសមាជិក២០០រូបនៃគណៈកម្មាធិការមជ្ឈិម ហើយក្រោយមកទៀត គណៈកម្មាធិការមជ្ឈិមនេះនឹងធ្វើការជ្រើសរើសសមាជិកការិយាល័យនយោបាយពី១៧ ដល់១៩រូប។
ក្រុមប្រតិភូទាំង ១៦០០នាក់គឺជាតំណាងសមាជិកគណបក្សកម្មុយនិស្ដ ៥.៦លាននាក់ នៅក្នុងប្រទេសវៀតណាមដែលមានប្រជាជនជាង ១០០លាននាក់។
មានការរំពឹងជាច្រើនថា លោក To Lam អាចនឹងត្រូវបានផ្ដល់សេចក្ដីទុកចិត្តឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម ខណៈមានសេចក្ដីរាយការណ៍ថា លោកអាចនឹងទទួលបានតំណែងមួយទៀតគឺប្រធានាធិបតីវៀតណាមទៀតផង។ បន្ទាប់ពីសមាជបក្ស ការិយាល័យនយោបាយនឹងធ្វើការតែងតាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋសភា ហើយការបោះឆ្នោតសភានឹងត្រូវធ្វើឡើង បន្ទាប់ពីគណបក្សជ្រើសរើសមេដឹកនាំរួចរាល់៕ ដោយធីរីណា

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print