Update: មន្ទីរពេទ្យបង្អែកចំនួន៣ ជាប់ជ័យលាភី គម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ ពីគ.វ.ជ.

ចែករំលែក៖

ភ្នំពេញ : ថ្ងៃនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានចុះហត្ថលេខា ទទួលស្គាល់មន្ទីរពេទ្យបង្អែកចំនួន៣ ដើម្បីអនុវត្តគម្រោងនវានុវត្តន៍កែលម្អការផ្តល់សេវាជួរមុខរបស់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពទាំងអស់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីបរិវត្តកម្មនៃការគ្រប់គ្រង និងការផ្តល់សេវានៃជួរមុខរបស់មន្ទីរពេទ្យបង្អែករយៈពេល៤ថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ វគ្គបណ្តុះបណ្តាលនោះ ទទួលបានការចូលរួមដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីទទួលបន្ទុកផ្នែកផ្តល់សេវាជួរមុខជាស្ត្រី មកពីទូទាំងប្រទេស។ បន្ទាប់មក មានមន្ទីរពេទ្យបង្អែកចំនួន១៦ បានដាក់ពាក្យចូលរួមប្រឡងប្រជែង ដើម្បីទទួលបានការគាំទ្រលើគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ ពីគ.វ.ជ.។

ការវាយតម្លៃ ត្រូវបានធ្វើឡើងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)គោលបំណង (២)នវានុវត្តន៍ (៣)សមិទ្ធកម្ម (៤)ផែនការសកម្មភាព និង (៥)និរន្តរភាពនិងលទ្ធភាពនៃការចែករំលែកការអនុវត្តទៅអង្គភាពដទៃ។ ជាការកត់សម្គាល់ ក្នុងការវិនិច្ឆ័យនីមួយៗ ទោះបីជាការចូលរួមគាំទ្រគម្រោងអនុវត្តទាំងនេះមានទំហំក្នុងកម្រិតណា ក៏អង្គភាពនីមួយៗសុទ្ធតែមានការចូលរួមជាថវិកាបដិភាគរបស់ខ្លួន រៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនីមួយៗសម្រេចបានជោគជ័យ និងមានសមិទ្ធកម្មជាក់លាក់។

សូមចូលរួមអបអរសាទរ ជ័យលាភីទាំង៣៖

– មន្ទីរពេទ្យបង្អែកខេត្តក្រចេះ៖ អនុវត្តគម្រោង ស្តីពី «ការលើកកម្ពស់សេវាកម្មផ្នែកមុខ»

– មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖ អនុវត្តគម្រោង ស្តីពី «ការលើកកម្ពស់គុណភាពសេវាជួរមុខរបស់មន្ទីរពេទ្យ តាមរយៈការបង្កើនប្រសិទ្ធភាពគ្រប់គ្រងលំហូរអ្នកជំងឺ និងការកសាងវប្បធម៌បម្រើសេវាបែបបដិសណ្ឋារកិច្ច ដើម្បីធានាបាននូវសេវាដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ទាន់ពេលវេលា និងសមធម៌» និង

– មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៖ អនុវត្តគម្រោង ស្តីពី «ការគ្រប់គ្រង និងការផ្តល់សេវាផ្នែកជួរមុខឱ្យកាន់តែប្រសើរឡើង និងមានភាពងាយស្រួលដល់អតិថិជន»។

ជ័យលាភី និងគណៈកម្មការគ្រប់គ្រងអង្គភាពរបស់បេក្ខជនជ័យលាភី ត្រូវទទួលអនុវត្តគម្រោង និងអនុវត្តឱ្យបានតាមសេចក្តីសម្រេចដូចមានភ្ជាប់ជូន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print