ភ្នំពេញ , សូមអបអរសាទរដល់ជ័យលាភីព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៣ ទាំង ៦អង្គ/នាក់ ក្នុងនោះរួមទាំងប្អូនប្រុស វ៉ន វីដា ជាបេក្ខជនមកពីខេត្តក្រចេះ និងជាជនភៀសសឹកពីភូមិបឹងត្រកួន ដែលបានជាប់ជ័យលាភីលេខ១ សម្រាប់ក្រុមអាយុ ១៩ឡើងទៅ ។ នេះជាលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ។
លោក ហ៊ុន ម៉ានី បន្តថា, ទោះបីជា ប្អូនប្រុស បានជួបប្រទះការលំបាក និងភាពឈឺចាប់ដោយសារការភៀសសឹកក្តី ប៉ុន្តែនៅតែតាំងចិត្តយ៉ាងរឹងមាំ និងពុះពារដើម្បីចូលរួមនៅក្នុងការប្រកួត។ ពន្លឺថ្មីនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ប្អូនខ្លួនឯងផ្ទាល់។
ដូចប្អូន វ៉ន វីដា ដែរ មិនថាយើងក្នុងនាមជាបុគ្គលក្តី ឬជាតិសាសន៍មួយក្តី ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សូមកុំបាក់ទឹកចិត្តរារែក ប្រសិនបើជួបស្ថានការណ៍លំបាក យើងត្រូវតែឈរដោយរឹងមាំ មានភាពជឿជាក់ និងប្តេជ្ញាចិត្តប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីទទួលជោគជ័យ។
ទោះឆ្នាំ ២០២៥ បាននាំមកទាំងការបំពាន ការឈឺចាប់ រងនូវភាពអយុត្តិធម៌ ក្នុងនាមជាប្រជាជាតិ យើងត្រូវខំប្រឹងប្រែងឆ្ពោះទៅមុខដ៏រឹងមាំ៕
ដោយ : សិលា










