ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយ សេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំ ផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយសេចក្តីស្រលាញ់ រាប់អាន ព្រមទាំងសូមជូនពរជ័យ សិរីមង្គល មហាប្រសើរគ្រប់យ៉ាងជូន លោកជំទាវបណ្ឌិត។
ខ្ញុំសូមសម្តែងនូវការគាំទ្រ និងការកោតសរសើដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពនៃការទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រាជ្ញាស្មារតី និងភាពប៉ិនប្រសប់ ព្រមទាំងកិច្ចខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់របស់ លោកជំទាវបណ្ឌិត ក្នុងការដឹកនាំសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដោយទឹកចិត្តដ៏ស្មោះសរ និងសប្បុរសធម៌ ក្នុងការលើកស្ទួយកិច្ចការមនុស្សធម៌ និងសង្គម ជាកម្លាំងចលករដ៏សំខាន់រួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីសុខុមាលភាពប្រជាជនកម្ពុជា។
ដោយឡែក ការបំពេញតួនាទីរបស់ លោកជំទាវបណ្ឌិត ជា «ស្ត្រីទីមួយ» នៃព្រះរាជាណាចក្រកម្ពុជា បាន និង កំពុងរួមវិភាគទានមិនអាចខ្វះបាន ក្នុងការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ និងជាតិមាតុភូមិ ពិសេសក្នុងគ្រាដ៏លំបាក នៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពជាតិកម្ពុជា។
នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឫទ្ធិបារមី ខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាប្រោះព្រំ នូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ និងសមប្រកបដោយ ព្រះពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ ជានិច្ចនិរន្តរ៍តរៀងទៅ។ សូម លោកជំទាវបណ្ឌិត ទទួលនូវការស្រលាញ់រាប់អានពីខ្ញុំ»៕










