ខេត្តតាកែវ÷ មានករណីឈ្លោះគ្នារឿងបូបទឹកដាក់ស្រែ ឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយជនដៃដល់បានយកពូថៅដៃ កាប់ទៅលើជនរងគ្រោះ ចំនួន៣ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅវេលាម៉ោង ៨:០០នាទីព្រឹក។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះថា ពិតជាមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស មួយបង្កឡើងដោយជនសង្ស័យ ឈ្មោះ ងា រក្សា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើសកម្មភាពយកកូនពូថៅដៃកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ឈ្មោះ ជុំ វណ្ណរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខ របរកសិករ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ក្រោយពេលកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ ម៉ែន លី និងក្រោមការដឹកនាំបញ្ជារ ពីលោក វរសេនីយ៍ឯក ឡេង ប៊ុនឡុង សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ខាង លើ រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់បន្ត៕










